នៅដើមឆ្នាំ ២០២៣ខាងមុខ ប្រជាពលរដ្ឋរស់នៅឃុំឬស្សីជ្រុំ ស្ថិតនៅទីរួមស្រុកថ្មបាំងខេត្តកោះកុងនឹងទទួលបានផ្លូវកៅស៊ូប្រវែង ៣៥គីឡូម៉ែត្រ ហើយជំនួសឲ្យផ្លូវគ្រួសក្រហមសព្វថ្ងៃ។

ថ្ងៃទី៩ ខែ ឧសភា ឆ្នាំ ២០២២

ខេត្តកោះកុង៖ នៅដើមឆ្នាំ ២០២៣ខាងមុខ ប្រជាពលរដ្ឋរស់នៅឃុំឬស្សីជ្រុំ ស្ថិតនៅទីរួមស្រុកថ្មបាំង នឹងទទួលបានផ្លូវកៅស៊ូប្រវែង ៣៥គីឡូម៉ែត្រ ហើយជំនួសឲ្យផ្លូវគ្រួសក្រហមសព្វថ្ងៃ។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង។តបនឹងតម្រូវការចង់បានផ្លូវកៅស៊ូរបស់អាជ្ញាធរ និងប្រជាពលរដ្ឋស្រុកថ្មបាំង ពី ១ឆ្នាំទៅ ១ឆ្នាំនោះ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានឲ្យដឹងកាលពីចុងខែមេសា ឆ្នាំ២០២២ថា មិនយូរនោះទេ គម្រោងអភិវឌ្ឍន៍ផ្លូវកៅស៊ូ ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ ៤៨ឆ្ពោះទៅកាន់ទីរួមស្រុកថ្មបាំង នឹងស្ថាបនាជាក់ជាពុំខាន។ លោកប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តកោះកុង កាលពីពេលកន្លងទៅ ធ្លាប់បានអះអាងថា គម្រោងកសាងផ្លូវកៅស៊ូនេះ នឹងត្រូវអនុវត្តនៅខែមីនា ឆ្នាំ ២០២២ ព្រមគ្នាជាមួយផ្លូវគ្រួសក្រហមប្រវែងជាង ៤០គីឡូ​ម៉ែត្រទៅតំបន់ឆ្នេរនេសាទ ស្រុកស្រែអំបិល។ ប៉ុន្តែមានការកែប្រែប្រួលកិច្ចការមួយចំនួន ទើបលើកទៅឆ្នាំក្រោយតែម្តង។ លោក អៀង ដារ៉ាវុធ បានពន្យល់ទៀតថា ក្រុមការងារក្រសួង និងមន្ទីរអភិវឌ្ឍន៍ខេត្ត បាននិងកំពុងត្រួតពិនិត្យសិក្សាវាយតម្លៃ ពីផលប៉ះពាល់ជាក់ស្តែង នៅស្រុកស្រែអំបិលជាមុនសិន។ ដូច្នេះធ្វើគម្រោងសិក្សានៅផ្លូវទៅស្រុកថ្មបាំងខកខាន។ទោះយ៉ាងណា លោកក៏សុំការយោគយល់ពីសំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋចំពោះភាពយឺតយ៉ាវ ដោយមន្រ្តីជំនាញខិតខំសម្របសម្រួលជាមួយនឹងក្រសួង ដើម្បីឲ្យផ្លូវកៅស៊ូ ១ខ្សែដ៏មានសារៈសំខាន់លេចរាងនៅមូលដ្ឋានស្រុកថ្មបាំង។ គ្រាមានការលំបាកតែរដូវប្រាំង ឬរដូវវស្សាឡើយ។លោក ផង់ សុផាន់ណា មេឃុំឬស្សីជ្រុំ ក៏ដូចជាប្រជាពលរដ្ឋ បានលើកឡើងថា ពួកគាត់រង់ចាំការស្ថាបនាផ្លូវកៅស៊ូប្រវែងជាង ៣០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ ៤៨ ចូលមកកាន់ទីរួមស្រុកយូរឆ្នាំមកហើយ ឮថាកសាងៗតែមិនអនុវត្តជាក់ស្តែងនោះទេ។ បើតាមលោក ផង់ សុផាន់ណា ឃុំឬស្សីជ្រុំ ជាឃុំមួយដែលស្ថិតនៅក្នុងទីរួមស្រុកថ្មបាំង និងមានប្រជាពលរដ្ឋជាង ៥០០​គ្រួសារ ប្រកបមុខរបរធ្វើកសិកម្មជាង ៩០ភាគរយ។ ប្រសិនបើរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ឬមន្ទីរអភិវឌ្ឍន៍ ស្ថាបនាជាផ្លូវកៅស៊ូមួយខ្សែនេះ វានឹងជួយសម្រួលដល់ការធ្វើដំណើរទៅមករកសេវាសាធារណៈ សេវាសុខាភិបាល ព្រមទាំងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ បានឆាប់រហ័ស។រាល់រដូវវស្សា ផ្លូវគ្រួសក្រហមរមែងតែងរងការខូចខាត ពិបាកធ្វើដំណើរទៅមក ឬដឹកជញ្ចូនទំនិញកសិផលដែលប្រមូលទៅកាន់ទីផ្សារ គ្រាជាតំបន់ឆ្ងាយដាច់ស្រយោលមួយ ក្នុងចំណោមស្រុកផ្សេងៗក្នុងខេត្តកោះកុង។ជាក់ស្តែង សព្វថ្ងៃពលរដ្ឋកំពុងប្រមូលផល ធូរេ សៅម៉ៅ មង្ឃុត ចេក និងបន្លែសិរីរាង្គជាច្រើនទៀត៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង