គណៈកម្មាធិការជាតិអូឡាំពិក បានបញ្ជាក់ថា កម្ពុជាបានរៀបចំជាស្រេច នូវរចនាសម័្ពន្ធ និងសោភ័ណភាព បរិស្ថានស្អាត សម្រាប់ទទួលកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការនៃគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា កម្ពុជាត្រៀមជាស្រេច ក្នុងការធ្វើជា ម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ឱ្យទទួលជោគជ័យដើម្បីលើកកិត្តិយសកម្ពុជាលើវិស័យកីឡាជាប្រវត្តិសាស្ត្រថ្មីមួយទៀត។ ឯកឧត្តម បានបន្តថា ការប្រកួតកីឡាស៊ីហ្គេមនេះ បានធ្វើឱ្យផ្លាស់ប្ដូរឥរិយាបថប្រជាជន ក្នុងមូលដ្ឋាន លើភាពស្អាត នៃបរិស្ថានបៃតង និងបានកាត់បន្ថយភាពអសកម្មក្នុងសង្គម ។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ មិនត្រឹមតែបង្ហាញពីមុខមាត់ សមត្ថភាព និងកិត្យានុ ភាពជាតិ នៅលើឆាកអន្តរជាតិរបស់កម្ពុជាប៉ុណ្ណោះទេ គឺថែម ទំាងបានចំណេញខាងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ពិសេសគឺបានចំណេញទៅដល់វិស័យទេសចរណ៍ទៀតផង។
« ធ្វើយ៉ាងណាយុទ្ធនាការនេះ កម្ពុជារបស់យើង ឆ្នាំ២០២២ ២០២៣ ក្រោយពី២០២៣ទៅ បរិស្ថាន ខ្យល់ដែលមានជាតិពុល នៅក្នុងខ្យល់ មានកម្រិតណាមួយក៏គេមិនឱ្យយើងធ្វើជាម្ចាស់ផ្ទះដែរ ។ អញ្ចឹងចុងឆ្នាំនេះ គណកម្មាធិការជំនាញ និងគណកម្មាធិការអន្តរជាតិ គេនឹងមើលកំហាប់ខ្យល់ របស់យើង ថាជាតិពុល មានកម្រិតណា មួយ ដើម្បីឱ្យបញ្ចុះជាតិពុលនៅក្នុងខ្យល់ អនាម័យ សណ្នាប់ធ្នាប់ តាមដងផ្លូវ ផ្សេងៗទៀត គឺជាយុទ្ធនាការ មួយដែលធ្វើឱ្យកម្ពុជាមានប្រព័ន្ធខ្យល់ ស្អាត ។ ព្រោះយើងបង្ហាញ ថាផ្ទះយើងស្អាត សុំអញ្ជើញមក បើផ្ទះយើងមិនស្អាតគេមិនមកនោះទេ បើស៊ីហ្គេមគេអត់មក យើងបរាជ័យ បើគេអត់មកប្រកួតយើងប្រកួតជាមួយអ្នកណាគេ នេះហើយជាចំណុចសំខាន់ ជាផលប្រយោជន៍មួយសម្រាប់ជាតិ របស់យើងជាឱកាសមួយ ដ៏កម្រ ដែលឱ្យយើងផ្លាស់ប្តូរឥរិយាបថ ល្អចំពោះសង្គម »។
សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃរៀបចំពិធីបើកការប្រកួត ខណៈពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី