ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ivan Velimir Starčević ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋក្រូអាស៊ីប្រចាំកម្ពុជា
ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Ivan Velimir Starčević ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រូអាស៊ីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងគូឡាឡាំពួ ដើម្បីផ្លាស់ប្តូរយោបល់ និងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះ ឯកឧត្តម Ivan Velimir Starčević ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រូអាស៊ីប្រចាំកម្ពុជា ព្រមទាំងបានសាទរចំពោះទំនាក់ទំនងល្អរវាងកម្ពុជា-សាធារណរដ្ឋក្រូអាស៊ី និងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងនេះឱ្យកាន់តែជិតស្និទ្ធ និងយូរអង្វែង។ លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអបអរសាទរដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋក្រូអាស៊ីចំពោះសមិទ្ធិផលក្នុងការទទួលបានពានរង្វាន់ជារាជធានីអឺរ៉ុបដំបូងដែលមានបរិយាប័ន្ននិងភាពចម្រុះ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវវិធានការទប់ស្កាត់ដ៏មានប្រសិទ្ធភាព និងយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយភាពជោគជ័យ ដែលអនុញ្ញាតឱ្យមានការបើកប្រទេសជាប្រក្រតី និងដំណើរការសកម្មភាពសេដ្ឋកិច្ចពេញលេញឡើងវិញលើគ្រប់វិស័យ។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានខិតខំប្រឹងប្រែងធ្វើពិពិធកម្មពាណិជ្ជកម្ម តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខណ្ឌពហុភាគី តំបន់ និងទ្វេភាគី ស្របជាមួយនឹងការធ្វើកំណែទម្រង់ច្បាប់ និងបទប្បញ្ញត្តិនានា ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ។
ជាថ្មីម្តងទៀត ឯកឧត្តម បានបង្ហាញអំពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ និងសម្របសម្រួលដល់ពាណិជ្ជករ វិនិយោគិន និងភ្ញៀវទេសចរទាំងអស់ ដែលមានបំណងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគនៅកម្ពុជា។
ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋលេខាធិការ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិន ក្រូអាស៊ី ឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសក្នុងវិស័យឧស្សាហកម្មកែឆ្នៃវិស័យយានយន្តអគ្គិសនី ការអភិវឌ្ឍកំពង់ផែអន្តរជាតិ ព្រមទាំងវិស័យទេសចរណ៍នៅកម្ពុជា។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរ បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងល្អ ជាពិសេសក្នុងវិស័យ ពាណិជ្ជកម្មឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ដែលអាចជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ក្រូអាស៊ី ដែលបច្ចុប្បន្នហាក់នៅមានកម្រិតតិចតួចនេះឡើយ (ទំហំពាណិជ្ជកម្មទ្វេភាគី ៣លានដុល្លារអាម៉េរិក នៅឆ្នាំ២០២១)៕សម្រួលដោយ ទៀង បុណ្ណរី