ឯកឧត្តម កែ​ គឹមយ៉ាន​ ៖ គ្រូបង្រៀនគឺជាបេះដូង​នៃ​​ការស្តារ និងអភិវឌ្ឍវិស័យអប់រំ

ខេត្តបន្ទាយមានជ័យ​៖ ឯកឧត្តម​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ បានថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តម ដឹកនាំក្រុមការងារចូលរួមជាអធិបតីសម្ពោធអគារសិក្សានៅសាលាបឋមសិក្សាស្រះឈូក ប្រាសាទ ត្នោត បន្ទាយនាង ឫស្សីក្រោក​ រហាត់ទឹក ចក ពង្រ អូរស្ងួតនិងទីចាត់ការសរុបចំនួន១១ខ្នង​ និង៤៥បន្ទប់​ ដែលមានតម្លៃសរុបជិត៥០ម៉ឺនដុល្លារនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ​ នាព្រឹកថ្ងៃទី​៥​ ខែឧសភា​ ឆ្នាំ​២០២២​។ថ្លែងក្នុងនាម​ សម្តេចតេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ក្នុងឱកាសនេះ លោក​ កែ​ គឹមយ៉ាន​ បានថ្លែង​​កោតសរសើរ​និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ​ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់​លំដាប់​ថ្នា​ក់ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធស្រុកមង្គលបូរី ដែលបានចូលរួមចំណែក​ពង្រឹងខឿនការពារជាតិ ការពារបូរណភាពដែនដី​ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ការកសាង និងអភិវឌ្ឍ សេដ្ឋកិច្ច សង្គមស្តារបានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត​ អភិវឌ្ឍវិស័យអប់រំ សុខាភិបាល សង្គមកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនទៅតាមគន្លងប្រក្រតីភាពថ្មី នៃបរិបទកូវីដ-១៩​។

ក្នុងឱកាសនោះ​ដែរ​ ​លោក​ កែ​ គឹមយ៉ាន​ បានថ្លែងបន្តដោយកោតសរសើរនិងថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ដែលបានខិតខំពុះពារយកចិត្តទុកដាក់បង្រៀនសិស្សក្នុងរយៈកាលកន្លងមក ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ដែលយើងទាំងអស់គ្នា​ “​គ្រូបង្រៀនគឺជាបេះដូង នៃការស្តារ និងការអភិវឌ្ឍន៍វិស័យអប់រំ​ “​ ។

ជាង៤៣ឆ្នាំកន្លងមកនេះ ផ្តើមចេញពីថ្ងៃជ័យជម្នះ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្តារប្រទេស​ពីបាត​ដៃ​ទទេកសាងបាននូវមូលដ្ឋានគ្រឹះដ៏សំខាន់នៃការអភិវឌ្ឍសង្គម សេ​ដ្ឋ​កិច្ច បណ្តុះបណ្តាលធនធានមនុស្សអប់រំសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ក្លាយជាពលរដ្ឋល្អ​ និងជាអ្នកបន្តវេនប្រកបដោយសក្តានុពលចូលរួមជួយកសាងប្រទេសជាតិ​បាន​រីកចម្រេីន​ និងមិនពាក់ព័ន្ធនឹងអំពេីអបាយ​ ចាកចេញឆ្ងាយពីបញ្ហាគ្រឿងញៀន​។ជាមួយគ្នានោះផងដែរ​ លោក​ កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំយកអំណោយជាថវិកា​ និងសម្ភារសិក្សាផ្តល់និងចែកជូន៖
១. ឧបត្ថម្ភកម្លាំងនគរបាល កងរាជអាវុធហត្ថសឹករងស្រុក​ គ្រូពេទ្យ​១ក្រុមៗថវិកា៥០ម៉ឺនរៀល
២. ឧបត្ថម្ភលោកគ្រូ អ្នកគ្រូ ១៤នាក់ ក្នុង១នាក់ទទួលបានសារុង១ និងថវិកា១ម៉ឺនរៀល
៣. ឧបត្ថម្ភសិស្សានុសិស្ស៤២៥នាក់ម្នាក់ៗទទួលបានសៀវភៅ២ក្បាល​ ប៊ិច២ដើម និងថវិកា៥ពាន់រៀល
៤. ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមទាំងអស់ម្នាក់ៗទទួលបានសារុង១​
៥.ឧបត្ថម្ភសសយក​ កាកបាទក្រហម​ និងក្រុម​ការងារអភិវឌ្ឍយុវជន​ខេត្តបន្ទាយមានជ័យ​ ៤២នាក់​ម្នាក់ៗ​១ម៉ឺនរៀល​ ៕ អរគុណសន្តិភាពសម្រួលដោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង