គ.ជ.ប ចាប់ផ្តើមបោះពុម្ពសន្លឹកឆ្នោតបម្រើឱ្យការបោះឆ្នោតឃុំ-សង្កាត់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានចាប់ផ្តើមបោះពុម្ពសន្លឹកឆ្នោតបម្រើឱ្យការបោះឆ្នោតឃុំ-សង្កាត់ បន្ទាប់ពីបានបញ្ចប់ការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោតនៅតាមឃុំ-សង្កាត់ទាំង១.៦៥២ឃុំ-សង្កាត់រួចរាល់ ខណៈដំណើរការបោះឆ្នោតផ្លូវការ នឹងចូលមកដល់នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនាឆ្នាំ២០២២ខាងមុខនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបានបង្ហាញពីដំណើរការ បោះពុម្ពសន្លឹកឆ្នោត បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅឯរោងពុម្ពឯកជនមួយកន្លែង ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការចូលរួមពីឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ព្រមទាំងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ នៅព្រឹកថ្ងៃទី៦ ខែឧសភានេះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា សន្លឹកឆ្នោតដែលត្រូវបោះពុម្ពមានចំនួនជាង១១លានសន្លឹក ដោយត្រូវចំណាយថវិកាអស់ប្រមាណ១០ពាន់លានរៀល។ ចំនួនសន្លឹកឆ្នោតនេះ ស្របពេលនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតមានប្រជាពលរដ្ឋជាង៩លាន២០ម៉ឺននាក់។

ឯកឧត្តម បន្តថា ការបោះពុម្ពសន្លឹកឆ្នោតឱ្យលើសចំនួនអ្នកបោះឆ្នោតនេះ គឺដើម្បីបម្រុងទុកក្នុងករណីមានសន្លឹកឆ្នោតខូចនៅតាមការិយាល័យបោះឆ្នោត និងទុកសម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលដល់មន្ត្រីបម្រើការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនីមួយៗ។ ឯកឧត្តបបន្តទៀតថា ការបោះពុម្ពសន្លឹកឆ្នោតនេះ មានចំនួន១.៦៥២ប្រភេទ ទៅតាមឃុំ-សង្កាត់ ដែលគណបក្សនយោបាយដាក់បេក្ខជនឈរឈ្មោះប្រកួតប្រជែង។ មកដល់ពេលនេះ បានបោះពុម្ពរួចរាល់ចំនួន១៨ខេត្តហើយ ខណៈផែនការនៃការបោះពុម្ពសន្លឹកឆ្នោត តម្រូវឱ្យចប់រួចរាល់មុនមួយសប្តាហ៍នៃថ្ងៃបោះឆ្នោតចូលមក ដល់។

សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចុះបញ្ជីដាក់បេក្ខជនឈរឈ្មោះសរុប៨៦.០៩២នាក់ ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមយកតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់សរុប១១.៦២២កៅអី ក្នុងចំណោមឃុំ-សង្កាត់១.៦៥២។

ការបោះឆ្នោតនេះដែរ គ.ជ.ប បានត្រៀមកញ្ចប់ថវិកាសម្រាប់ចំណាយសរុបប្រមាណជាង៤៣លានដុល្លារអាមេរិក ដែលចំនួននេះ បើតាមការអះអាងពីប្រធាន គ.ជ.ប គឺតិចជាងការរៀបចំការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០១៧ ដែលបានចំណាយអស់៥២លានដុល្លារ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង