ឯកឧត្តម​ អ៊ុន​ ចាន់ដា​៖​ គោលដៅ​សំខាន់​បំផុត​ របស់​យុវជន​ ស​ ស​ យ​ ក​ គឺការ​កសាង​កម្លាំង​ ធ្វើ​ការងារ​ដោយ​ឆន្ទៈ

TNM(ខេត្ដកំពង់ចាម)​៖ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២០​ និង​លេីក​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២១​ របស់​គណៈកម្មាធិការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ចាម នាព្រឹក​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ គោលដៅ​សំខាន់​បំផុត​របស់​​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ គឺ​ការ​កសាង​កម្លាំង​ ធ្វើ​យ៉ាងណា​ឲ្យ​យុវជន​​របស់​យេីង​ ធ្វេី​​ការងារប្រកប​ដោយ​ឆន្ទៈ​​មុះមុត​ និង​ក្នុង​​ស្មារតី​​ស្មោះត្រង់​ ដេីម្បី​ចូលរួម​​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​​​ ព្រោះ​ឆន្ទៈ​នេះ​ហេីយ​ជា​មូលដ្ឋាន​គ្រឹះ​ សម្រាប់​ចូលរួម​​អភិវឌ្ឍន៍​ប្រទេស​ជាតិ​របស់​​យើង​ឲ្យ​កាន់តែ​មាន​ការ​រីកចម្រើន​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​​ រដ្ឋបាល​ខេត្តកំពង់ចាម បាន​ផ្តល់ការគាំទ្រ និងសហការជានិច្ចចំពោះការអនុវត្តការងាររបស់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ គ្រប់​លំដាប់​ថ្នាក់ ដែលមានគោលដៅបម្រើផលប្រយោជន៍ សាធារណៈនៅគ្រប់មូលដ្ឋាន។​ ជាមួយគ្នានោះ​ រដ្ឋបាលខេត្តកំពង់ចាម ​ក៏មានការប្តេជ្ញាចិត្តខ្ពស់​ ក្នុងការចូលរួមចំណែកយ៉ាងខ្លាំងក្លា​ ប្រកបដោយ​ចក្ខុវិស័យវែងឆ្ងាយ​ ក្នុងការអនុវត្តការងាររបស់ខ្លួន ដោយត្រូវសហការជាមួយដៃគូអភិវឌ្ឍនានា ទាំងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងសង្គម ក្នុងនោះយុវជនដែលជាធនធានមនុស្សប្រកប​ដោយចំណេះ ជំនាញ និងឆន្ទៈស្រឡាញ់ការអភិវឌ្ឍសង្គមជាតិ និងជាអ្នកបន្តវេណ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។

លោកជំទាវ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានទី១ សហភាពសហព័ន្ធយុវជនកម្ពុជា​ បាន​ពាំនាំ​មក​នូវ​ប្រសាសន៍​ផ្តាំផ្ញេី​សាកសួរសុខទុកពី​សំណាក់​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ហេីយ​ក៏​​បាន​ធ្វើ​ការ​សំណូមពរ​ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ចាម​ ឲ្យ​ខិតខំ​ពង្រឹង​ ​និង​ពង្រីក​រចនាសម្ព័ន្ធ​របស់​ខ្លូន​​ ឲ្យ​មាន​ការ​​រីកចម្រើន​ ដេីម្បី​បំពេញ​បេសកកម្ម​បម្រើ​ដល់​សង្គម​ជាតិ​ ជាពិសេសត្រូវ​អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បី​បន្ត​ចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ (Covid-19) ផងដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង