សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យក្រសួងអប់រំរៀបចំការប្រកួតកីឡាជាតិ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរកតតេជោ

ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចជាគោលការណ៍អនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡារៀបចំការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី១៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

នេះបើយោងតាម សជណ ដែលចុះហត្ថលេខាដោយឯកឧត្តម អ៊ីន វីរជាតិ រដ្ឋលេខាធិ ការទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ការអនុញ្ញាតនេះ បន្ទាប់ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំគោលការណ៍ ក្នុងការរៀបចំព្រឹត្តិ ការណ៍កីឡាជាតិ លើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ព្រឹត្តិការណ៍កីឡាជាតិត្រូវបានធ្វើឡើង ក្នុងគោលដៅចម្បងឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ ការប្រកួតកីឡាជាតិ តាមទម្រង់ហ្គេមនេះត្រូវបានធ្វើឡើងចំនួន២លើកកន្លងមកដោយជោគជ័យ ដោយកីឡាជាតិ លើកទី១ កាលពីឆ្នាំ២០១៦ និងលើកទី២ កាលពីឆ្នាំ២០១៨ ហើយនៅឆ្នាំ២០២០ ត្រូវបានផ្អាកមិនអាចរៀបចំបាន ក្នុងពេលផ្ទុះជំងឺកូវីដ-១៩។

តាមគម្រោង ការប្រកួតកីឡាជាតិ លើកទី៣ នឹងរៀបចំការប្រកួតនៅទីលាន នៃ៦រាជធានី-ខេត្ត ពិសេសទីតាំងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងប្រមូលផ្តុំលើប្រភេទកីឡាច្រើនជាងគេ។ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងប្រារព្ធពិធីបើក-បិទជាផ្លូវការនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ តាមការគ្រោងទុក ការប្រកួតកីឡាជាតិ នាចុងឆ្នាំ២០២២នេះ នឹងមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងគណៈកម្មការចូលរួមប្រមាណ ៧ ០០០នាក់ ។ ចំពោះប្រភេទកីឡា ដែលគ្រោងរៀបចំក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ គឺមាន ៣៩ប្រភេទកីឡា និងកីឡាប៉ារ៉ាឡាំពិក ៧ប្រភេទកីឡា។ នេះបើយោតាមស្មារតីកិច្ចប្រជុំតាមអនឡាញ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន កន្លងទៅនេះ៕សម្រួលដោយ ទៀង បុណ្ណរី

  1.  
អត្ថបទដែលជាប់ទាក់ទង