សិស្ស និងពលរដ្ឋនៅខេត្តកំពង់ចាម ជាង២ពាន់នាក់ ទទួលបានទឹកស្អាតប្រើប្រាស់ ដែលសាងសង់ដោយកាកបាទក្រហមកម្ពុជា

កំពង់ចាម៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង២ពាន់នាក់ នៅក្នុងស្រុកចំនួន៥ នៃខេត្តកំពង់់ចាម ទទួលផលពីសំណង់ អនាម័យទឹកស្អាតមួយចំនួន ដែលត្រូវបានសាងសង់ដោយកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម តាមរយៈការថវិកាឧបត្ថម្ភ ដោយកាកបាទក្រហមសិង្ហបុរី។

ពិធីប្រគល់-ទទួលសំណង់អនាម័យទឹកស្អាតខាងលើ ធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅបរិវេណសាលាបឋមសិក្សាអណ្តូងតាអ៊ុង និងអនុវិទ្យាល័យព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អមដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានឱ្យដឹងថា ដោយមានជំនួយឧបត្ថម្ភពីកាកបាទក្រហមសិង្ហបុរី កាកបាទក្រហមកម្ពុជាបានសម្រេចផ្តល់ថវិកាចំនួន២៤,២០០ដុល្លាអាមេរិក ជូនសាខាខេត្តកំពង់ចាម ដើម្បីសាងសង់អណ្តូងស្នប់បំពាក់ម៉ូទ័រ២កន្លែង ស្ថានីយលាងដៃ៨កន្លែង បង្គន់អនាម័យសង់ថ្មី១ខ្នងមាន៣បន្ទប់ ជួសជុលបង្គន់អនាម័យ១ខ្នងមាន៤បន្ទប់ និងដំឡើងសឺទែនទឹកថ្មីចំណុះ២០០០លីត្រ ជាមួយជើងទម្រ១ នៅតាមសាលារៀនគោលដៅជាទីទួលសុវត្ថិភាពពេលមានទឹកជំនន់ និងសាលារៀន ដែលមានតម្រូវការ ជាអាទិភាពអំពីអនាម័យ និងទឹកស្អាត។

ពិនិត្យលើស្ថានភាពជាក់ស្តែង សាខាបានសម្រេចផ្តល់ជូនដល់សាលារៀនគោលដៅចំនួន៧ ក្នុងឃុំ៧នៃស្រុក៥ ដូចខាងក្រោម៖

១៖ នៅស្រុកកងមាស មាន១សាលាគោលដៅ គឺសាលាបឋមសិក្សាអណ្តូងតាអ៊ុង និងអនុវិទ្យាល័យព្រែកក្របៅ ក្នុងឃុំព្រែកក្របៅ ផ្តល់ជូនអណ្តូងស្នប់បំពាក់ម៉ូទ័រ១ ស្ថានីយលាងដៃ២កន្លែង ដំឡើងសឺទែនថ្មីចំណុះ២០០០លីត្រ ជាមួយជើងទម្រ១ និងជួសជុលបង្គន់អនាម័យ១ខ្នងមាន៤បន្ទប់។

២៖ នៅស្រុកកំពង់សៀម មាន៣សាលាគោលដៅ គឺសាលាបឋមសិក្សាហ៊ុនសែនគងមហា ក្នុងភូមិវិហារធំ ផ្តល់ជូនស្ថានីយលាងដៃ១កន្លែង, សាលាបឋមសិក្សា ហ៊ុនសែនរោងចក្រ ក្នុងឃុំអំពិល ផ្តល់ជូនស្ថានីយលាងដៃ១កន្លែង និងបង្គន់អនាម័យថ្មី១ខ្នងមាន៣បន្ទប់ និងសាលាបឋមសិក្សា និងអនុវិទ្យាល័យថ្មគោល ក្នុងឃុំរអាង ផ្តល់ជូនស្ថានីយលាងដៃ១កន្លែង។

៣៖ នៅស្រុកព្រៃឈរ មាន១សាលាគោលដៅ គឺសាលាបឋមសិក្សា និងអនុវិទ្យាល័យកោះតាភេម ក្នុងឃុំត្រពាំងព្រះ ផ្តល់ជូនអណ្តូងស្នប់បំពាក់ម៉ូទ័រ១ និងស្ថានីយលាងដៃ១កន្លែង ដែលនៅទីនេះ លោកប្រធានក្រុមកាកបាទក្រហម ឃុំត្រពាំងព្រះ បានឧបត្ថម្ភស៊ីទែនទឹក១ចំណុះ២០០០លីត្រ សម្រាប់សម្រួលដល់ដំណើរការស្ថានីយលាងដៃ។

៤៖ នៅស្រុកស្ទឹងត្រង់ មាន១សាលាគោលដៅ គឺសាលាបឋមសិក្សាភ្នំអំពិល ក្នុងឃុំព្រែកកក់ ផ្តល់ជូនស្ថានីយលាងដៃ១កន្លែង

៥៖ នៅស្រុកចំការលើ មាន១សាលាគោលដៅ គឺសាលាបឋមសិក្សាត្រពាំងល្ពៅ ក្នុងឃុំជយោ ផ្តល់ជូនស្ថានីយលាងដៃ១កន្លែង។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា សំណង់អនាម័យទឹកស្អាតទាំងនេះ បានផ្តល់ជូនសម្រាប់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូប្រើប្រាស់ ដើម្បីលើកកម្ពស់សុខភាពអនាម័យ ចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ ក៏ដូចជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ហើយបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពនេះ។

លោកបានថ្លែងយ៉ាងដូច្នេះថា «អ្នកដែលទទួលផលពីសំណង់អនាម័យទឹកស្អាតទាំងនេះមានចំនួនសរុប២,០៣៤នាក់ (ស្រី១,០៤២នាក់) ក្នុងនោះគ្រូបង្រៀន៧៤នាក់ (ស្រី៤៩នាក់) និងសិស្សានុសិស្ស១,៩៦០នាក់ (ស្រី៩៩៣នាក់)»

ចំពោះការសាងសង់ សាខាបានរៀបចំបង្កើតគណៈកម្មការសម្របសម្រួលដំណើរការសាងសង់មាន លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា ជាប្រធាន បានរៀបចំនីតិវិធីដំណើរការសាងសង់សំណង់ទាំងនេះ ដោយរួមជាមួយក្រុមហ៊ុនម៉ៅការដែលបានដេញថ្លៃ និងមានកិច្ចសន្យាត្រឹមត្រូវ។

ការដ្ឋានសំណង់បានចាប់ផ្តើមពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ រហូតមក ប៉ុន្តែដោយសារការរាតត្បាតនៃកូវីដ-១៩ សំណង់នេះត្រូវបានអូសបន្លាយរហូតដល់ចុងខែមីនា ឆ្នាំ២០២២ ទើបសម្រេចសាងសង់រួចរាល់ជាស្ថាពរហើយប្រារព្ធដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។

តាងនាមសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋដែលទទួលផលពីសំណង់អនាម័យទឹកស្អាតនេះ លោក អ៊ុន ចាន់ដា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបានគាំទ្រនូវរាល់សកម្មភាពមនុស្សធម៌របស់សាខា ពិសេសសម្តេចបានជួយទំនុកបម្រុងថវិកា សម្ភារៈដ៏ច្រើនសន្ធឹកសន្ធាប់ជួយដល់សាខាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩កន្លងទៅនេះ។

ការផ្តល់អណ្តូងស្នប់ ស្ថានីយលាងដៃ និងបង្គន់អនាម័យ នាពេលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ ដែលត្រូវការចាំបាច់នូវទឹកស្អាតប្រើប្រាស់ និងការថែទាំសុខភាពអនាម័យជាប្រចាំ៕សម្រួលដោត ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង