ម្ហូបអាហារខ្មែរ ជាចំណែកមួយដ៏សំខាន់ក្នុងការទាក់ ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ
មន្រ្តីជំនាញក្រសួងទេសចរណ៍បានបញ្ជាក់ថា មុខម្ហូបអាហារខ្មែរ ជាចំណែកមួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ក្នុងការជំរុញការងើបឡើងវិញនៃសកម្មភាពទេសចរណ៍ក្នុងស្រុក ក៏ដូចជាទាក់ទាញភ្ញៀវទេសចរន៍អន្តរជាតិនៅពេលខាងមុខ។ លោកស្រី ម៉ិល សុខចាន់ ប្រធានការិយាល័យសេវាកម្មម្ហូបអាហារ នៃនាយកដ្ឋានសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ នៃក្រសួងទេសចរណ៍ បានប្រាប់អ្នកសារព័ត៍មានឱ្យដឹងថា ម្ហូបអាហារខ្មែរ ជាចំណែកទីផ្សារទេសចរណ៍ដ៏សំខាន់ប្រកបដោយសក្តានុពល សម្រាប់គោលដៅទេសចរណ៍នៅទូទាំងប្រទេស ។ លោកស្រី បានបន្តថា ម្ហូបអាហារខ្មែរជាផលិតផលមួយដែលអាចទាក់ទាញអ្នកទេសចរណ៍មកកម្សាន្តក្នុងប្រទេស ក៏ជាឱកាសស្វែងរកប្រាក់ចំណូលបន្ថែមដើម្បីលើកស្ទួយជីវភាពគ្រួសានិងបងប្អូនប្រជាសហគមន៍ទេសចរន៍ទទួលបានដោយផ្អែកទៅលើវិស័យទេសចរណ៍មួយនេះផងដែរ ។ លោកស្រី បានបញ្ជាក់ថា បងប្អូនអាជីវកម្មអ្នកលក់អាហារជាច្រើន ងាកមក ប្រើស្លឹកឈូក ស្លឹកចេកនិងខ្សែសង្វារចេកសម្រាប់ការវេចខ្ចប់ជំនួសប្លាស្ទិកវិញ ដែលជាជម្រើសដ៏ល្អប្រសើរមួយសម្រាប់បរិស្ថាន ក៏ដូចជាជួយការគាំទ្រដល់ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកផងដែរ ។ «យើងនឹងបង្ហាញពី មុខម្ហូបយើងជាច្រើន ដែលយើងអត់បានលើកឡើង យើងបានគាស់ស្រាវជ្រាវឡើង ដើម្បី ផ្សព្វផ្សាយដល់ភ្ញៀវទេសចរណ៍របស់យើងថា ប្រទេសយើងមានម្ហូបអាហារសម្បូរបែប ព្រោះម្ហូបអាហារ ទាំងបង្អែម ទាំងភេសជ្ជ: គឺជាផលិតផល ទេសចរណ៍មួយ ដ៏សំខាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មុននឹងភ្ញៀវទេសចរណ៍មកស្រុកយើង គេសួរសំណួរមកយើង ស្នាក់នៅហូបចុក នឹងការដឹកជញ្ជូន ។ សំខាន់ជាងគេគឺការហូបចុក និងការស្នាក់នៅ គេអាចទទួលទានបានគឺភ្ញៀវទេសចរណ៍ មកហើយ តម្លៃរបស់យើងក៏សមរម្យផងដែរ»។ សូមបញ្ជាក់ថា កម្ពុជាជាប្រទេសដែលមានវប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏សម្បូរបែបដែលពិភពលោកចាប់អារម្មណ៍ជាខ្លាំង ជាពិសេសមុខម្ហូបខ្មែរ មុខម្ហូបដ៏ល្បីបំផុតក្នុងប្រទេសកម្ពុជាដូចជា សម្លកកូរ . នំបញ្ចុក. អាម៉ុក. ការីសាច់មាន់. បុកត្រប់ពុញ្ញង. ខគោ. ប្រហុកខ្ទិះ. ការីសារ៉ាម៉ាន់. ញាំក្រូចថ្លុង. ទឹកគ្រឿង. សម្លម្ជូគ្រឿងសាច់គោ. ម៉ាំឆៅ. សម្លប្រហើរ. ឪឡឹកត្រីងៀត. នំអន្សម ជាដើម៕សម្រួលដោយ ទៀង បុណ្ណរី