រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រៀបចំកម្មវិធីផ្សព្វផ្សាយហិរញ្ញប្បទានពិសេស របស់រដ្ឋាភិបាលដំណាក់កាលទី២
ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម បណ្ឌិត កៅ ថាច ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយហិរញ្ញប្បទានពិសេស របស់រដ្ឋាភិបាលដំណាក់កាលទី២។ ក្នុងពិធីនោះមានការអញ្ជើញចូលរួមពីលោកអភិបាលនៃគណៈអភិបាលក្រុង ស្រុក មន្ទីរពាក់ព័ន្ធ និងបងប្អូនម្ចាស់សហគ្រាសវិស័យកសិកម្ម និងតំណាងសហគមន៍ កសិកម្ម នៅក្នុងខេត្តជាច្រើនរូបទៀត។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាឱកាសដ៏ល្អសម្រាប់បងប្អូនប្រជាកសិករ តំណាងសហគមន៍កសិកម្ម ក្នុងការទទួលបានព័ត៌មាន ពីការផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលដំណាក់កាលទី ២ ដែលជាប្រាក់កម្ចីយកអត្ត្រាការប្រាក់ទាប ដើម្បីជាប្រយោជន៍ ក្នុងការពង្រឹងអាជីវកម្ម និងពង្រីកការងារកសិកម្មក្នុងសហគមន៍របស់ខ្លួន។ ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់អភិបាលស្រុកទាំងអស់ ដែលបានចូលរួមសូមយកព័ត៌មាននេះ ជួយផ្សព្វផ្សាយបន្តដល់កសិករ នៅក្នុងសហគមន៍ តាមមូលដ្ឋានរបស់ខ្លួនផងដែរ។
ដោយឡែកឯកឧត្តម បណ្ឌិត កៅ ថាច ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ផងដែរថា ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលដំណាក់កាលទី២ គឺមានទឹកប្រាក់ចំនួន ៥០លានដុល្លារ ប្រើប្រាស់ក្នុងក្របខណ្ឌស្ដារ សេដ្ឋកិច្ចឡើងវិញ ក្រោយពេលប្រទេសជាតិជួបវិបត្តិជំងឺកូវីដ១៩ ពោលគឺជាឥណទានមួយជួយជំរុញនាំមុខ ក្នុងវិស័យកសិកម្មផ្សេងៗ ក្នុងនោះ លើវិស័យ ៤ បូក ៣ មានដូចជា ៖
-ទី១ ៖ ពាក់ព័ន្ធការដាំដុះបន្លែផ្លែឈើ
-ទី២ ៖ ការចិញ្ចឹមសត្វ
-ទី៣ ៖ កាងារវ៉ារីវប្បកម្ម
-ទី៤ ៖ ការកែច្នៃផលិតផលកសិកម្ម។
ចំណែក ៣ទៀតនោះទាក់ទងទៅនឹងផលដំណាំអាចនាំចេញក្រៅប្រទេស មានដូចជា ៖
-ទី១ ៖ គឺផលដំណាំស្វាយចន្ទី។
-ទី២ ៖ គឺផ្លែស្វាយកែវល្មៀត។
-ទី៣ ៖ ផ្លែមានខេត្តប៉ៃលិន ឬ ហៅផ្លែតាង៉ែន។
ឯកឧត្តម បណ្ឌិត កៅ ថាច បានបញ្ជាក់ទៀតថា មុខសញ្ញាផ្លែឈើទាំងបីប្រភេទខាងលើនេះ ជាដំណាំយុទ្ធសាស្ត្រសម្រាប់ចូលរួមអនុវត្តធ្វើការនាំចេញតាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិន ដែលប្រទេសកម្ពុជាយើង បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសចិនរួចហើយ ដើម្បីអនុវត្តនាំចេញនូវផលដំណាំទាំងនោះ៕សម្រួលដោយ ទៀង បុណ្ណរី