ស្ពានទន្លេតូច ប្រវែង៧៥ម៉ែត្រ នៅស្រុកខ្សាច់កណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់
ខេត្តកណ្តាល ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២
ស្ពានបេតុងឆ្លងទន្លេតូច ប្រវែង៧៥ម៉ែត្រ ទទឹង ០៨ម៉ែត្រ និង ផ្លូវបេតុងអាមេ ប្រវែង ៣ ៧៨០ម៉ែត្រ ទទឹង ០៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតនៅភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត បានបញ្ជាក់ថា ស្ពានបេតុង និងផ្លូវបេតុង ដែលសម្ពោធដាក់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់ស្រុកខ្សាច់ កណ្ដាល។ វាគឺជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅមូលដ្ឋាន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ប្រកបអាជីវកម្ម និងការដឹកជញ្ជូនកសិផលផ្សេងៗឆ្លងកាត់ទីនេះបានងាយស្រួល និងឆាប់រហ័សជាងមុន។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា ប្រទេសជាតិយើងមានសុខសន្តិភាព មានការរីកចម្រើនអភិវឌ្ឍន៍ដូចសព្វថ្ងៃ គឺក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតែងតែយកអាទិភាពផ្លូវថ្លល់ និងស្ពានចាត់ទុកជាសរសៃឈាមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិដូចសព្វថ្ងៃនេះ ។ ពី ព្រោះស្ពាន ថ្នល់វាជាសរសៃឈាមដ៏មានសារៈសំខាន់បំផុត ដែលបម្រើឱ្យវិស័យសេដ្ឋកិច្ចជាចម្បង ពោលគឺមានផ្លូវ មានស្ពាន មានក្តីសង្ឃឹម ឈានទៅកាត់បន្ថយបាននូវភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋ នៅតាមជនបទ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសុខសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកប ដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តនិរន្តរភាពនៃការអភិវឌ្ឍជាបន្តបន្ទាប់ទៀត ជាពិសេសប្រជាពលរដ្ឋទាំងអស់ សូមជួយថែទាំសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលថ្នាក់មូលដ្ឋានទទួលបានរួមមានផ្លូវថ្នល់ ស្ពាន សួនច្បារជាដើម ដើម្បីទុកប្រើប្រាស់ឱ្យបានយូរអង្វែង និងត្រូវបន្តប្រុងប្រយ័ត្ន និងរក្សាឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។
នៅក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។៕សម្រួលដោយ ទៀង បុណ្ណរី