សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិថា ការចាក់វ៉ាក់សាំងដូសទី៣ក្លាយទៅជាបញ្ហាកាតព្វកិច្ច ដែលត្រូវធ្វើឱ្យខាងតែបាន
ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិថា ការចាក់វ៉ាក់សាំងដូសទី៣ បានក្លាយទៅជាបញ្ហាកាតព្វកិច្ច ដែលត្រូវធ្វើឱ្យខាងតែបាន ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ និងដកចេញកាតព្វកិច្ចមួយចំនួនក្នុងវិស័យសុខាភិបាល ព្រមទាំងការបង្កើនភាពស៊ាំក្នុងសហគមន៍ឱ្យកាន់តែខ្ពស់។
ក្នុងពិធី ប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វាក់សាំងកូវីដ-១៩ (AstraZeneca) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ជូនប្រជាជន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជាចំនួន ១ ០៥៦ ០០០ដូស នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា អ្វីដែលជាកិច្ចការសំខាន់ដែលសម្ដេចបានធ្វើសូមអំពាវនាវជូនចំពោះបងប្អូនជនរួមជាតិ ក៏ដូចជា កម្លាំងគ្រប់ផ្នែកដែលចូលរួមក្នុងដំណើរការចាក់វ៉ាក់សាំង គឺខិតខំជំរុញធ្វើយ៉ាងម៉េចឱ្យប្រជាជនកម្ពុជារបស់យើង អាចទទួលបាននៅដូសទី៣យ៉ាងតិច នេះចាត់ទុកជាកាតព្វកិច្ចតម្រូវតែម្ដង។
សម្ដេចតេជោលើកឡើងថា យើងនៅសល់មនុស្សប្រមាណជាង ៦លាននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ នៅឡើយ ក្នុងពេលដែលមនុស្សជាង១លាននាក់បានចាក់ដូសទី៤។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា «ឥឡូវនេះអ្វីដែលជាការចង់បាននោះ គឺចង់ឱ្យបងប្អូនជនរួមជាតិរបស់យើង រំដោះខ្លួនឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ជាមួយនឹងកាតព្វកិច្ចមួយចំនួនក្នុងវិស័យសុខាភិបាល ដូចជាកន្លងទៅយើងបានដកការពាក់ម៉ាសចេញពីខេត្តចំនួន៤ ដោយទុកឱ្យប្រជាពលរដ្ឋនៅខេត្តទាំងនោះសម្រេចចិត្តដោយខ្លួនឯង»។
សម្ដេចតេជោ ក៏បានណែនាំឱ្យឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្ដម ម៉ម ប៊ុនហេង ដឹកនាំការប្រជុំ ដោយសម្ដេចចង់ឱ្យមានការដកចេញនូវកាតព្វកិច្ចពាក់ម៉ាសនៅតាមទីធ្លាសាធារណៈ ក៏ប៉ុន្តែតម្រូវឱ្យពាក់ម៉ាសនៅតាមទីកន្លែងដែលបិទជិត។ ចំណុចនេះសម្ដេចតេជោបានឃើញថា កាលពីពេលចូលឆ្នាំ ប្រជាពលរដ្ឋរបស់យើងតិចណាស់ ដែលបានពាក់ម៉ាសក្នុងពេលលេងកម្សាន្ត ហើយគឺជាសមុទ្រមនុស្សតែម្ដង ហើយយប់មិញនេះមានការប្រគុំតន្ត្រីពីរកន្លែង គឺនៅទីរួមខេត្តតាកែវ និងទីរួមខេត្តកំពង់ចាម គឺក្នុងចំណោមមនុស្ស១ ០០០ នាក់ មានប្រហែល១ ឬ២នាក់ប៉ុណ្ណោះដែលពាក់ម៉ាស ហើយពុំមានការក្សាគម្លាតនោះទេ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា បញ្ហានេះ យើងមិនត្រូវមើលឃើញតែបញ្ហាសុខភាពមួយមុខនោះទេ ត្រូវមើលឱ្យឃើញផងដែរនូវបញ្ហាសេដ្ឋកិច្ច-សង្គម។ ការពាក់ម៉ាសគឺជាការតម្រូវឱ្យប្រជាជនរបស់យើងចំណាយយ៉ាងធំ ជួនកាលមិនហ៊ានទិញខោអាវឱ្យកូនស្លៀកពាក់ទេ ប៉ុន្តែត្រូវទិញម៉ាសដើម្បីយកមករក្សាទុកប្រើប្រាស់ ដើម្បីពាក់ម៉ាសជាកាតព្វកិច្ច។
សម្ដេចតេជោលើកជាឧទាហរណ៍ថា ក្នុងមួយថ្ងៃយើងគិតក្នុងប្រទេសរបស់យើង ចាយតែ១០ម៉ឺនដុល្លារអាម៉េរិកទៅចុះគិតជារួមនៅទូទាំងប្រទេសសម្រាប់ការទិញម៉ាស អីចឹងក្នុងមួយខែយើងចាយ៣លានដុល្លារសម្រាប់ការទិញម៉ាស។ ដូច្នេះចំណុចនេះ គឺជាចំណុចដែលសម្ដេចអំពាវនាវអ្នកបច្ចេកទេសខាងវិស័យសុខាភិបាល កុំមើលឃើញតែមួយជ្រុងពីបញ្ហាទាក់ទិននឹងបញ្ហាសុខភាព ត្រូវមើលឃើញផងដែរអំពីបញ្ហាវិស័យសេដ្ឋកិច្ច និងសង្គម ក៏ដូចជាបញ្ហាចិត្តសាស្ត្រផងដែរ។
សម្ដេចតេជោលើកឡើងបន្ថែមថា ប្រទេសមួយចំនួនបានដកចេញនូវកាតព្វកិច្ចពាក់ម៉ាសរួចទៅហើយ យើងក៏អាចធ្វើទៅបាន ក៏ប៉ុន្តែយើងក៏ត្រូវរង់ចាំការប្រជុំនៅល្ងាចនេះ ដែលដឹកនាំដោយឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ជាមួយ ឯកឧត្ដម ម៉ម ប៊ុនហេង ធ្វើការប្រជុំជាមួយគ្នា ថាតើយើងគួរធ្វើយ៉ាងម៉េច បន្ថែមភូមិសាស្ត្រដែលមិនតម្រូវឱ្យពាក់ម៉ាស ឬយ៉ាងណា ហើយការបន្ថែមភូមិសាស្ត្រនេះជាគំនិតរបស់សម្ដេច តែទោះជាយ៉ាងណាសម្ដេចនៅតែទទួលយកគំនិតដ៏សំខាន់ដែលចេញមកពីការប្រជុំនៅល្ងាចនេះ។
សម្ដេចតេជោបានគូសបញ្ជាក់បន្ថែមថា អ្វីដែលជាគំនិតរបស់សម្ដេចចង់បាន គឺគ្រប់ភូមិសាស្ត្រទាំងអស់គឺទុកឱ្យប្រជាជនជាអ្នកសម្រេចពាក់ម៉ាស ឬមិនពាក់ម៉ាសក្នុងពេលដែលនៅក្រៅអគារ នៅទីធ្លាសាធារណៈ ប៉ុន្តែនៅពេលដែលនៅកន្លែងបិទជិតដោយមានម៉ាស៊ីនត្រជាក់ យើងគួរគប្បីតម្រូវឱ្យមានការពាក់ម៉ាសនៅតាមទីកន្លែងទាំងនោះ។ ដូច្នេះចំណុចនេះ អ្វីដែលរាជរដ្ឋាភិបាលចង់បាន ដើម្បីជំរុញការចាក់វ៉ាក់សាំងដូសជំរុញជាដូសទី៣ក្ដី ជាដូសទី៤ក្ដី ជាពិសេសដូសទី៣ក្លាយទៅជាបញ្ហាកាតព្វកិច្ចត្រូវធ្វើឱ្យខាងតែបាន ដើម្បីជំរុញទៅដល់ដំណាក់កាលនោះ។ ធ្វើបានយ៉ាងដូច្នេះ យើងនឹងសន្សំសំចៃនៅការចំណាយរបស់ក្រុមគ្រួសារនីមួយៗ ក៏ដូចជាក្នុងសង្គមជាតិរបស់យើង។ ដូច្នេះសម្ដេចគិតថា យើងអាចអនុវត្តន៍ទៅរួច ជាមួយនឹងការតាមដានដោយមានការប្រុងប្រយ័ត្ន ហើយដកចេញនូវកាតព្វកិចពាក់ម៉ាស ប៉ុន្តែទុកសិទ្ធិឱ្យប្រជាពលរដ្ឋសម្រេចចិត្តពាក់ម៉ាស ឬមិនពាក់ម៉ាសអាស្រ័យលើប្រជាពលរដ្ឋខ្លួនឯង។
សម្ដេតេជោប្រមុខរាជរដ្ឋាភិបាលក៏បានបញ្ជាក់ដែរថា នេះជាសារដែលសម្ដេចចង់បញ្ជូនទៅកាន់ប្រជាពលរដ្ឋរបស់យើង អ្នកដែលមិនទាន់បានទទួលនូវវ៉ាក់សាំដូសទី៣ ត្រូវតែមកកាន់ទីកន្លែងណាដែលមានការចាក់វ៉ាក់សាំង មិនចាំបាច់ថា ឧទាហរណ៍ដូចជា ខ្លួននៅខេត្តស្ទឹងត្រែងត្រូវតែតែចាក់នៅខេត្តស្ទឹងត្រែងនោះទេ នៅកន្លែណាគឺចាក់នៅកន្លែងនោះតែម្ដង ហើយក្រុមគ្រូពេទ្យរបស់យើងត្រូវតែចាក់ជូនពួកគាត់។ បើតាមសម្ដេចតេជោបានឱ្យដឹងថា មកដល់ពេលនេះប្រជាជនកម្ពុជា ជាង៩៣ភាគរយ បានទទួលនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕