កសិករនៅស្រុកប្រាសាទបាគង ខេត្តសៀមរាបថា បន្លែប៉េងបោះផ្លែតូចៗ ឬហៅប៉េងបោះឆើរី មានទីផ្សារខ្ពស់ និងងាយស្រួលដាំ

ខេត្តសៀមរាប ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២

  កសិករនៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានលើកឡើងថា ប៉េងបោះផ្លែតូចៗ ឬប៉េងបោះឆើរី ជារុក្ខជាតិងាយស្រួលដាំ ទទួលបានទិន្នផលល្អ និងមានទីផ្សារខ្ពស់ជាងបន្លែផ្សេងៗទៀត។ ក្រៅពីបន្លែប៉េងបោះផ្លែតូចៗ នៅមានកសិករប្រកបរបរដាំបន្លែផ្សេងៗ ជាច្រើនប្រភេទទៀតដែរ គ្រាន់តែលក្ខណ:ទំហំតូចៗ ពីព្រោះតម្រូវការទីផ្សារមិនទាន់មានដំណើរការល្អ ក្រោយពីវិបត្តិជំងឺកូដ-១៩ រាតត្បាតយ៉ាងធ្ងន់ធ្ងរជាង ២ឆ្នាំមកនេះ ។

លោក សុខ ជា ជាកសិករដំាបន្លែនៅភូមិកន្ទ្រាំង ឃុំកន្ទ្រាំង បានឱ្យដឹងកាលពីម្សិលមិញថា ការដាំប៉េងបោះឆើរីនេះ ប្រើរយ:ពេល២ខែ ហើយការប្រមូលផលរបស់វាមានរយ:ពេល ៥ខែទើបអស់ផ្លែ។ ហើយការប្រមូលផលនេះដែរ ក្នុងរយ:ពេលពីរថ្ងៃ អាចបេះផ្លែបានពី ៥០គីឡូ ទៅ៧០គីឡូក្រាម ក្នុង១លើក ។លោកបន្ថែមថា ការដំាប៉េងប៉ោះឆើរីនេះជាលើកទីមួយ ដែលមានទិន្នផលខ្ពស់ មានទីផ្សារល្អ ងាយស្រួលដាំ ដោយបន្លែប្រភេទបន្លែនេះ មានអ្នកកម៉្មង់ទិញដល់ផ្ទះ ខុសពីបន្លែផ្សេងៗទៀត ដោយក្នុងមួយគីឡូក្រាមតម្លៃ៥ពាន់រៀល។

ប៉េប៉ោះប្រភេទនេះ ភាគច្រើនគេយកទៅលក់នៅផ្សារបន្លែសុវត្ថិភាព ក្នុងក្រុងសៀមរាប ។ជាមួយគ្នានេះ បន្លែប៉េងប៉ោះនេះ ចំណាយដើមតិច ចំណេញច្រើន ពីព្រោះប្រើជីធម្មជាតិ គ្មានជាតិគីមី មានអតិថិជនចូលចិត្ដទទួលទាន មានរស់ជាតិឆ្ងាញ់។

លោក សុខ ជា បានបន្ដទៀតថា លោកបានប្រកបរបរដំាបន្លែនេះ ជាច្រើនឆ្នាំមកហើយ ដោយមានការបង្រៀនពីអង្គការក្រៅរដ្ឋាភិបាល និងមានការយកចិត្ដទុកដាក់ពីអាជ្ញាធរឃុំផងដែរ។ លោកបន្ថែុំថា លោកដំាបន្លែ ជាច្រើនប្រភេទ ដូចជាឪឡឹកលឿង សណ្ដែកគួរ ត្រសក់ ប៉ុន្តែបន្លែផ្លែម្ទេសហាវ៉ៃ និងប៉េងប៉ោះឆើរីនេះ ទទួលបានផលច្រើនជាងគេគួរឱ្យកត់សំគាល់។

លោក ឃាម ឆាង មេឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប លោកបានឱ្យដឹងថា ប្រជាពលរដ្ឋនៅឃុំនេះ ភាគច្រើនប្រកបរបរដាំបន្លែ ក្រោយពីបញ្ចប់ច្រូតកាត់ស្រូវវស្សា ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ។ លោកបន្ថែមថា ការធ្វើកសិកម្មរបស់ប្រជាកសិករ គឺមានជីវភាពធូធារ និងបញ្ចៀសប្រជាពលរដ្ឋ ទៅធ្វើការនៅក្រៅស្រុក ហើយការដាំបន្លែរបស់កសិករនេះដែរ ត្រូវបានលើកទឹកចិត្ដពីអាជ្ញាធរផងដែរ ពីព្រោះវាជួយបង្កើនសេដ្ឋកិច្ចជាតិយ៉ាងច្រើន៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង