តំណាងក្រសួង អង្គការ និងអ្នកព័ត៌មានជិត៥០នាក់ ធ្វើទស្សនកិច្ចនៅសហគមន៍អេកូទេសចរណ៍តាមទន្លេមេគង្គលើ កោះបង្ហាញពីសក្ដានុពលនៅទីនោះ

ភ្នំពេញ៖ តំណាងក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP Cambodia) និងក្រុមអ្នកសារព័ត៌មានចម្រុះស្ថាប័ន សរុបជិត៥០នាក់ បានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សានៅសហគមន៍អេកូទេសចរណ៍តាមដងទន្លេមេគង្គលើ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៩ ខែមេសា ឆ្នាំ២០២២ ក្រោមការរៀបចំដោយអង្គការ NTFP-EP Cambodia។

ទីតាំងសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ មានសហគមន៍អេកូទេសចរណ៍កោះសាមសិប សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន និងសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ និងសហគមន៍ទេសចរណ៍ផ្សេងៗទៀត ដែលស្ថិតនៅតាមដងទន្លេមេគង្គលើ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។

ការរៀបចំឱ្យមានដំណើរទស្សនកិច្ចសិក្សានេះឡើង គឺដើម្បីផ្សព្វផ្សាយពីសក្តានុពលសហគមន៍អេកូទេសចរណ៍ដែលនៅតាមបណ្តោយដងទន្លេមេគង្គលើ និងផ្សព្វផ្សាយអំពីទំនាក់ទំនងរវាងការអភិវឌ្ឍន៍មុខរបរចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍មូលដ្ឋាន តាមរយៈការបម្រើសេវាកម្មទេសចរណ៍ និងការអភិរក្សធនធានធម្មជាតិ សត្វព្រៃ ព្រៃឈើជាដើម ព្រមទាំងផលិតផលទេសចរណ៍ថ្មីៗ ក៏ដូចជាអ្វីផ្សេងទៀតដែលចូលរួមញ៉ាំងឱ្យមានភាពទាក់ទាញក្នុងសហគមន៍ទាំងនោះ។

សហគមន៍កោះសាមសិប ត្រូវបានបង្កើតឡើងនៅពាក់កណ្តាលឆ្នាំ២០១៨ សហគមន៍បុរីអូរស្វាយបានបង្កើតឡើងនៅឆ្នាំ២០០៦ សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន បង្កើតឡើងនៅឆ្នាំ២០១៦ និងសហគមន៍ភ្នំជម្រកសត្វ បង្កើតឡើងនៅឆ្នាំ២០១៨។ សហគមន៍អេកូទេសចរណ៍ទាំងបួនកន្លែងនេះ ចាប់ផ្តើមមានភ្ញៀវទេសចរស្គាល់ថាជាតំបន់អេកូទេសចរណ៍បែបផ្សងព្រេងដ៏មានប្រជាប្រិយភាពប្រចាំខេត្តទាំងពីរនេះ។

សហគមន៍ទាំងនោះបានដើរតួយ៉ាងសំខាន់ក្នុងការអភិរក្សធនធានធម្មជាតិ ជីវចម្រុះ ប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាជួយលើកស្ទួយជីវភាពប្រជាជន។ បច្ចុប្បន្ន អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP Cambodia) តាមរយៈកម្មវិធីភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល (PaFF) គាំទ្រថវិកាដោយទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) និងស៊ុយអែត ដំណាក់កាលទី៣ រយៈពេល២ឆ្នាំ គិតចាប់ពីខែកក្កដា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២៣ និងគម្រោងព្រៃឡង់បៃតង ដំណាក់កាលទី២ គាំទ្រថវិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USIAD) រយៈពេល១៨ខែ ចាប់ពីខែកក្កដា ឆ្នាំ២០២១ ដល់ខែធ្នូ ឆ្នាំ២០២២។ គម្រោងទាំងពីរនេះបានគាំទ្រយ៉ាងពេញទំហឹងដល់សហគមន៍អេកូទេសចរណ៍ចំនួន៤ខាងលើ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធមួយមន្ទីរទេសចរណ៍ និងមន្ទីរបរិស្ថានខេត្តទាំងពីរ។

គួរជម្រាបថា សហគមន៍អេកូទេសចរណ៍ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ឱ្យប្រសើរឡើង និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព។ ឯកសារគោលនយោបាយដ៏សំខាន់មួយក្នុងចំណោមគោលនយោបាយផ្សេងទៀត គឺគោលនយោបាយអេកូទេសចរណ៍ជាតិ (២០១៩-២០៣០) ដែលបានអនុម័តនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨។ ថ្មីៗនេះ យោងទៅតាមទិន្នន័យចង្អុលបង្ហាញនៅក្នុងគោលនយោបាយអេកូទេសចរណ៍ជាតិ មានសហគមន៍អេកូទេសចរណ៍ជាង៥០កន្លែងបានបង្កើតឡើងនៅទូទាំងប្រទេសកម្ពុជា ក្នុងនោះក៏មានសហគមន៍អេកូទេសចរណ៍នៅតាមបណ្តោយដងទន្លេមេគង្គផងដែរ។ តាមដងទន្លេមេគង្គលើ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង មានសហគមន៍អេកូទេសចរណ៍ចំនួន៩កន្លែងត្រូវបានបង្កើតឡើង៕សម្រួលដោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង