ខេត្តសៀមរាបគ្រោងរៀបចំកម្មវិធី Angkor Food Summit នៅចុងឆ្នាំ២០២២នេះ

ខេត្តសៀមរាប ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២

ដោយមានការសម្របសម្រួលពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាខេត្តសៀមរាប ឯកឧត្ដម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រីពាក់ព័ន្ធ បានទទួលជួបពិភាក្សាការងារជាមួយលោក Guillaume Roussy តំណាង Gourmand World Cook book Awards និងជាប្រធានក្រុមហ៊ុន LES VINS DE SAUMUR អមដំណើរដោយឯកឧត្តម ប្រាក់ ដាវិដ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធភាពរៀបចំកម្មវិធី Angkor Food Summit នៅចុងឆ្នាំ២០២២ខាងមុខនេះ ក្នុងទឹកដីខេត្តសៀមរាប។

ជាលទ្ធផលនៅក្នុងជំនួបពិភាក្សានោះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា បានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់លោក Guillaume Roussy ក្នុងការរៀបចំកម្មវិធី Angkor Food Summit នេះ ហើយនឹងជួយជំរុញឱ្យការរៀបចំកម្មវិធីនេះទទួលបានជោគជ័យ។

គួររម្លឹកថា កាលពីឆ្នាំ២០២១កន្លងទៅ សៀវភៅ កេរដំណែលស្នាដៃម្ហូបខ្មែរ ដែលបានរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Gourmand World Cook book Awards ដែលបានរៀបចំឡើងនៅប្រទេសបារាំង ហើយទទួលបានពានរង្វាន់សៀវភៅមុខម្ហូបអាស៊ី ដែលល្អផ្តាច់គេនៅតំបន់អាស៊ី៕សម្រួលដោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង