ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញមកដល់កម្ពុជាហើយ ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២

តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នាវេលាម៉ោង២២ និង១៥នាទីយប់ថ្ងៃ ទី២១ ខែមេសា ឆ្នាំ២០២២ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម អំ បឺរឡា ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា នឹងមានកម្មវិធីសំខាន់ៗមួយចំនួនដូចជា៖ – ចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។- ចូលជួបសវនាការ និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ – ចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

មុននឹងបញ្ចប់ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អំ បឺរឡា និងគណៈប្រតិភូនឹងអញ្ជើញទៅទស្សនាប្រាសាទនានា នៅខេត្តសៀមរាបផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង