សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី បញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសជប៉ុន
ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ តាមជើងយន្តហោះពិសេស ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ នៅប្រទេសជប៉ុន ដែលជាការតបតាមការអញ្ជើញរបស់ឯកឧត្ដម ហ្វឹមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីប្រទេសជប៉ុន។
នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា «នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន»។ សម្ដេចតេជោបន្តថា កិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នឹងត្រូវធ្វើឡើង ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឱ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដោយដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជំងឺកូវីដ-១៩ បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក។ ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ ជំនួបជាមួយថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជំនួបទ្វេភាគីជាមួយឯកឧត្ដមនាយករដ្ឋមន្ត្រីជប៉ុន និងមានជំនួបជាមួយក្រុមហ៊ុនធំៗរបស់ជប៉ុនមួយចំនួន ដែលមានបំណងឈ្វេងយល់ និងឱកាសសម្រាប់វិនិយោគនៅកម្ពុជាផងដែរ។
តាមកម្មវិធីដែលបានគ្រោងទុក គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២២៕សម្រួលដោយ ទៀង បុណ្ណរី