អភិបាលខេត្តស្ទឹងត្រែងជំរុញឱ្យមានការអភិវឌ្ឍន៍ផ្នែកសិល្បៈនៅមូលដ្ឋាន

ស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែងបានជំរុញឱ្យមានការអភិវឌ្ឍន៍ផ្នែកសិល្បៈនៅតាមមូលដ្ឋាន ព្រោះវិស័យនេះជាផ្នែកមួយ ដែលបានផ្តល់ចំណេះដឹង និងចំណេះធ្វើដល់យុវជនជំនាន់ក្រោយ បានសិក្សា និងអភិរក្សឱ្យស្ថិតនៅគង់វង្ស ។

ក្នុងកម្មវិធីសម្តែងសិល្បៈសិស្សវិទ្យាល័យព្រះគោកាលពីថ្មីៗនេះ ឯកឧត្តម ស្វាយសំអ៊ាង អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា វិស័យសិល្បៈពិតជាផ្នែកមួយបានសាបព្រោះ និងផ្តល់នូវចំណេះដឹងសម្រាប់យុវជនជំនាន់ក្រាយធ្វើជាអ្នកបន្តវេន ហើយនាំគ្នាអភិរក្សនិងបណ្តុះបណ្តាលបន្ថែម។

ឯកឧត្តមបន្តថា ដូចជារបាំគោះអង្រែជាដើម គ្រូបង្ហាត់បានដាក់បញ្ចូល សម្ភារៈប្រើប្រាស់របស់ខ្មែរយើងមួយចំនួន រួមមាន៖ រហាត់រវៃអំបោះ ល្អី ចង្អេ ត្បាល់បុកអង្ករ ខ្ទះ ច្រវា សម្រាប់ផលិតស្ករត្នោត ដែកឈូសសម្រាប់ឈូសឈើ ពន្លាកសម្រាប់វិចិត្រករផលិតគ្រឿងចម្លាក់ជាដើមនេះ។

លោកស្រី ហេង នារីដាលី គ្រូបង្រៀននៅវិទ្យាល័យព្រះគោស្រុកថាឡាបរិវ៉ាត់ជាអ្នកដឹកនាំការសម្តែងរបាំនេះបានបញ្ជាក់ថា ការនាំយកសម្ភារៈប្រើប្រាស់មកបញ្ជូលឱ្យក្រុមសិល្បៈ សម្តែងនេះគឺមានបំណងចង់បង្ហាញឱ្យសាធារណជនបាន ឃើញនិងបានស្គាល់នូវវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្មែរយើង។

លោកស្រីមានជំនឿថា សម្ភារៈទាំងនេះប្រសិនខ្វះការអភិរក្សពិតជាបាត់បង់ជាក់ជាមិនខាន ហើយថ្ងៃអនាគត កូនខ្មែរលែងបានស្គាល់ ដូចជារហាត់រវៃ អំបោះ ដែកឈូស ឈូសឈើ ពន្លាក និងត្បាល់បុកអង្ករជាដើមនេះ ដោយសារតែបច្ចុប្បន្នមានសម្ភារៈទំនើបនាំចូលមកប្រើប្រាស់ជំនួស។

លោក ផាន់ខាន ប្រជាពលរដ្ឋ រស់នៅភូមិឃុំថាឡាបរិវ៉ាត់បានចាត់ទុក ថា៖ សម្ភារៈទាំងនេះប្រជាពលរដ្ឋយើងបាននិយមទិញ យកមកប្រើប្រាស់មែន ជាពិសេសបងប្អូននៅតាមស្រែចម្ការ ពួកគាត់តែងប្រើប្រាស់ឧបករណ៍ទំនើប ជំនួសឧបករណ៍ចាស់ ប្រើប្រាស់ក្នុងជីវភាព រស់នៅប្រចាំថ្ងៃ។

លោកទទួលស្គាល់ថា បច្ចុប្បន្នសម្ភារៈចាស់ៗ ទាំងនេះស្ទើរតែ បាត់បង់មែន ប្រសិនបើកូនខ្មែរ យើងមិនបានចាប់អារម្មណ៍ នាំគ្នាថែរក្សានោះ ដូចនេះយុវជនជំនាន់ក្រោយមានតួនាទីអភិរក្ស ហើយការហាត់រៀនសម្តែងនេះគ្រាន់តែជាផ្នែកមួយ សម្រាប់ឱ្យ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឃើញនិងបានស្គាល់ ពីសមិទ្ធផលមរតកដូនតាយើងតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា របាំគោះអង្រែ ដែលគ្រូបង្ហាត់បាន ដាក់បញ្ចូល សម្ភារៈប្រើប្រាស់តាមខ្លឹមសារបទចម្រៀង ក្នុងគោលបំណងបង្ហាញពីសកម្មភាពបងប្អូនខ្មែរយើង ដូចជានាងបុកស្រូវកុំចោលអង្កាម នាងរវៃអំបោះសម្រាប់ត្បាញក្រណាត់ធ្វើសម្លៀកបំពាក់ ការឈូសឈើ សាងសង់ផ្ទះ ការរម្ងាស់ទឹកត្នោតផលិតជាស្ករ និងវិចិត្រករផលិតរូបចម្លាក់ជាដើម៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង