អ្នកនាំពាក្យព្រឹទ្ធសភា៖ ច្បាប់ ស្តីពី ការការពាររុក្ខជាតិ និង ភូតគាមអនាម័យ នឹងកែប្រែ កសិកម្មដូចរាល់ថ្ងៃនេះឱ្យក្លាយទៅជាកសិកម្មជឿនលឿន
ភ្នំពេញ ថ្ងៃទី១៩ខែមេសា ឆ្នាំ២០២២
គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី១៩ខែមេសាឆ្នាំ២០២២នេះ ដើម្បីពិនិត្យ និង ឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ។
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភាបានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ថា ច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យនេះមានសារៈសំខាន់ណាស់ និងចាំចបាច់បំផុតដើម្បីជួយកសិករ ក្នុងការដាំដុះ ការប្រើប្រាស់ជី និងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឱ្យត្រូវតាមស្តង់ដារដែលទីផ្សារប្រទេសធំៗត្រូវការ។
ឯកឧត្តម អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា « បើយើងអត់មានច្បាប់ហ្នឹងទេ គឺយើងពិបាកក្នុងការនាំចេញណាស់ ទោះបីជាយើងមានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅតាមបណ្ដាប្រទេសមួយចំនួនហើយក៏ដោយ ប៉ុន្តែគេទាមទារតម្រូវឱ្យមានភូតគាមអនាម័យច្បាស់លាស់ដើម្បីកុំឱ្យយើងនាំទៅមានមេរោគឆ្លងដល់ប្រជាជនគេ អ៊ីចឹងបណ្ដាប្រទេសគេពិនិត្យពិច័យបញ្ហាហ្នឹងជាការសំខាន់ណាស់ អ៊ីចឹងបានប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី លោកគិតគូរពីបញ្ហានេះ រៀបចំច្បាប់នេះឱ្យបានឆាប់ដើម្បីជួយដល់ប្រជាកសិករ ដើម្បីកែប្រែពីកសិកម្មដូចរាល់ថ្ងៃនេះឱ្យក្លាយទៅជាកសិកម្មជឿនលឿន ហើយអាចនាំទៅបណ្តាប្រទេសណាក៏បានដែរ ដោយយើងអនុវត្តតាមច្បាប់ ហើយយើងមានច្បាប់ ហើយគេពិនិត្យភូតគាមអនាម័យនេះបានល្អត្រឹមត្រូវហើយយើងប្រើជី ក៏ដូចជាយើងប្រើថ្នាំទៅតាមស្តង់ដារដែលបណ្ដាប្រទេសនានាគេប្រើ អ៊ីចឹងអត់មានខុសអីទេ គឺយើងអាចនាំចេញទៅបាន»។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានឱ្យដឹងថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នាថ្ងៃអង្គារទី១៩ ខែមេសា ឆ្នាំ២០២២វេលាម៉ោង ០៨:០០នាទីព្រឹកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈតែមួយគឺ៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ៕សម្រួលដោយ ទៀង បុណ្ណរី