លោកជំទាវ ឱ វណ្ណឌីន ៖ សូមបងប្អូនធ្វើតេស្តរហ័សភ្លាម ក្នុងករណីសង្ស័យ បន្ទាប់ពីបានដើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២
រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ បានអំពាវនាវដល់បុគ្គល និងក្នុងក្រុមគ្រួសារនីមួយៗ ដែលមានការសង្ស័យថាឆ្លងវីរុសកូវីដ-១៩ សូមធ្វើតេស្តរហ័សភ្លាម ឬទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះឱ្យបានឆាប់។
លោកជំទាវ បានបញ្ជាក់បន្ថែមថា មានការព្រួយបារម្ភពីការឆ្លងកូវីដ-១៩ ឬមិនព្រួយបារម្ភ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលយើងគួរពិនិត្យមើលតាមស្ថានភាពនៃការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយើង ហើយក៏ជាការទទួលខុសត្រូវ និងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារផងដែរ ក្នុងការអនុវត្តការការពារការចម្លងកូវីដ-១៩ ហើយយើងក៏មិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបាននៅឡើយទេ ព្រោះទើបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង ដែលត្រូវរង់ចាំ និងបន្តពិនិត្យមើលក្រែងមានស្ថានភាពនៃការផ្ទុះការឈឺណាមួយ នៅតំបន់ណាមួយ រហូតដល់ដំណាច់ខែមេសានេះ។
ជាមួយគ្នានេះ ការទទួលខុសត្រូវរបស់បុគ្គល និងសហគមន៍នាពេលនេះ ជាការកំណត់នូវស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩ ក្នុងក្រុមគ្រួសារនីមួយៗ ហើយប្រសិនបើលោកអ្នកមានការសង្ស័យ សូមធ្វើតេស្តរហ័ស ឫទៅពិនិត្យសុខភាព ហើយបើលទ្ធផលបង្ហាញ វិជ្ជមានកូវីដ-១៩ និងបើក្នុងលក្ខណ:ស្រាល សូមនៅដោយឡែក ការពារកុំឱ្យឆ្លងទៅក្រុមគ្រួសារ និងអ្នកដទៃ ហើយថែទាំព្យាបាលខ្លួននៅផ្ទះឱ្យបានល្អហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក។ ដោយឡែក បើសិនមានរោគសញ្ញាសង្ស័យថាធ្ងន់ធ្ងរ សូមប្រញាប់ទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ កុំសង្ងំនៅផ្ទះដែលអាចនាំឱ្យស្លាប់បាត់បង់ជីវិតបាន។
បន្ថែមពីលើនេះ លោកជំទាវ ក៏បានអំពាវនាវដល់គ្រប់បុគ្គល សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឫក្រុមគ្រូពេទ្យដែលនៅតំបន់បុគ្គលរស់នៅ ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា និងសូមនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ទី៣ និងទី៤) ឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សាបាននូវភាពស៊ាំរបស់បុគ្គល និងភាពស៊ាំរបស់សហគមន៍ សម្រាប់រក្សានិរន្តរភាពនៃការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មីបានយូរអង្វែងតទៅទៀត ខណៈដែលក្រុមគ្រូពេទ្យនៅបន្តចាក់ជារៀងរាល់ថ្ងៃជាពិសេសនៅតាមគោលដៅធំៗ ដូចជា មន្ទីរពេទ្យ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក រោងចក្រ សហគ្រាស ទីផ្សារ និងសាលារៀន ជាដើម៕សម្រួលដោយ ទៀង បុណ្ណរី