ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ យកទៅជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់
ខេត្តស្វាយរៀង ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២
នៅថ្ងៃ ចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ពៅ សុភាព ហិរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ យកទៅជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២២ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកកំពង់រោទិ៍ ចំនួន ១០ ខ្នង (ធ្ងន់ ១ ខ្នង មធ្យម ៩ ខ្នង) នៅឃុំព្រះពន្លា និងគ្រួសាររងគ្រោះដោយសារអគ្គីភ័យ ២ គ្រួសារ នៅឃុំ ញរ ១ គ្រួសារ និងនៅឃុំ ថ្មី ១ គ្រួសារ ។
អំណោយចែកជូនសម្រាប់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ថវិកា ៥ ម៉ឺនរៀល ដោយឡែកគ្រួសាររងគ្រោះធ្ងន់ទទួលបានសម្ភារបន្ថែមរួមមាន៖ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្លរ ២ និងថវិកា ២០ ម៉ឺនរៀល ។
សម្រាប់គ្រួសាររងគ្រោះដោយសារអគ្គីភ័យ ក្នុង ១ គ្រួសារទទួលបាន ៖ អង្ករ ៥០ គ.ក្រ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ និងឆ្នាំងបាយ-សម្លរ ២ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ថវិកា ៤០ ម៉ឺនរៀល ។
បន្ទាប់មកលោកជំទាវ និងក្រុមការងារ បាននាំយក អង្ករ ៥០ គ.ក្រ ថវិកា ៤៨ ម៉ឺនរៀល ចូលរួមរំលែកទុក្ខក្រុមគ្រួសារសពលោកស្រី សួន យ៉ាន ជាប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅឃុំញរ ស្រុកកំពង់រោទិ៍ ស្លាប់ដោយសារសម្រាលកូន៕