កម្ពុជាទាត់ចោលរបាយការណ៍ស្ដីពីការគោរពសិទ្ធិមនុស្សរបស់អាមេរិក ហើយថាជាការវាយតម្លៃតែមួយជ្រុង

នៅក្នុងរបាយការណ៍កម្រាស់ជាង៤០ទំព័រ ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ អាមេរិកបានអះអាងថា ខ្លួនរកឃើញសមាជិកនៃកងកម្លាំងរបស់រដ្ឋាភិបាលកម្ពុជាមួយចំនួន មានជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលជំរុញឱ្យអំពើនិទណ្ឌភាពនៅតែបន្ដកើតមានឡើងនៅកម្ពុជា។ ប៉ុន្ដែការចោទប្រកាន់នេះ ត្រូវបានភាគីកម្ពុជាច្រានចោលទាំងស្រុង និងថាជារបាយការណ៍ដែលមិនឆ្លុះបញ្ចាំងអំពីការពិត។

តាមរយៈរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្ដីពី “ការគោរពសិទ្ធិមនុស្សនៅឆ្នាំ២០២១” បានឱ្យដឹងថា ករណីរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាមានដូចជា ការធ្វើទារុណកម្មដោយអំពើឃោឃៅ ការចាប់ឃុំឃាំងមនុស្សតាមអំពើចិត្ដ និងការប្រឆាំងអ្នកទោសនយោបាយជាដើម។ ជាមួយគ្នា ក៏មានផងដែរនូវការរឹតត្បិតទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពលើអ៊ីនធឺណេត ការប្រព្រឹត្ដអំពើហិង្សា ការគំរាមកំហែង ការចាប់ខ្លួន ឬការកាត់ទោសអ្នកសារព័ត៌មានដោយអយុត្ដិធម៌ ហើយចំពោះសេរីភាពនៃការជួបជុំដោយសន្ដិវិធី និងសេរីភាពក្នុងការបង្កើតសមាគមវិញ ក៏នៅតែមានការរឹត្បិតខ្លាំងតាមរយៈការធ្វើទុក្ខបុកម្នេញលើក្រុមអង្គការសិទ្ធិមនុស្សជាតិនិងអន្ដរជាតិ។

ជាងនេះទៅទៀត របាយការណ៍គូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នកំពុងកាត់បន្ថយសិទ្ធិរបស់ពលរដ្ឋក្នុងការផ្លាស់ប្ដូររដ្ឋាភិបាលដោយសន្ដិវិធី តាមរយៈការបោះឆ្នោតដោយសេរី និងយុត្ដិធម៌។ ចំណែកអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការវិញ ក៏កំពុងរីករាលដាលដោយសារតែខ្វះការស៊ើបអង្កេតនិងដាក់ទោសទណ្ឌ។ រីឯការដាក់ទោសទណ្ឌចំពោះអ្នកប្រព្រឹត្ដអំពើហិង្សាលើស្ដ្រី ការជួញដូរមនុស្ស និងទម្រង់នៃពលកម្មកុមារ ក៏មិនត្រូវបានអនុវត្ដឱ្យបានពេញលេញដែរ។

របាយការណ៍ដដែលបន្ដថា អំពើរំលោភបំពានសិទ្ធិមនុស្សទាំងអស់នេះ បានធ្វើឡើងដោយមន្ដ្រី ឬកងកម្លាំងមានសមត្ថកិច្ចមួយចំនួនដែលជាអ្នករក្សាសន្ដិសុខ ក្នុងនោះមានកងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរស៊ីវិល។ ការណ៍នេះបានជំរុញឱ្យវប្បធម៌និទណ្ឌភាពបន្ដរីករាលដាល ដោយសារតែមន្ដ្រីប្រព្រឹត្ដខុសច្បាប់មិនទទួលទោស។

យ៉ាងណាមិញ ជុំវិញការចោទប្រកាន់ដូច្នេះត្រូវបានមន្ដ្រីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបដិសេធចោលទាំងស្រុង។ តាមរយៈការផ្ដល់បទសម្ភាសដល់សារព័ត៌មានក្នុងស្រុក លោកកត្ដា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលើកឡើងថា របាយការណ៍គឺផ្ទុយពីអ្វីដែលកើតឡើងពិតប្រាកដនៅកម្ពុជា។ នៅក្នុងរបាយការណ៍បានលើកហេតុផលបែបនេះបែបនោះ ចោទប្រកាន់ពីរឿងមួយទៅរឿងមួយ ប៉ុន្ដែជាក់ស្ដែងគឺអាជ្ញាធរនេះឯងដែលជាអ្នកមានភាពអត់ធ្មត់ខ្ពស់ បានបំពេញតួនាទីតាមនីតិវិធីច្បាប់ ហើយបានគោរពសិទ្ធិមនុស្សត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាកូដកម្មនាពេលកន្លងមក។  របាយការណ៍អាមេរិកមានបញ្ហាមួយចំនួនដែលមិនឆ្លុះបញ្ចាំងការពិត និងមិនបានស៊ើបអង្កេតឱ្យច្បាស់លាស់នូវអ្វីដែលកើតឡើងលើកម្ពុជាឡើយ ហើយកម្ពុជាក៏មិនបានប្រើប្រាស់វិធានការបង្ក្រាបទៅលើការធ្វើកូដកម្មដូចនៅអាមេរិក ឬនៅបណ្ដាប្រទេសមួយចំនួនដែរ។

ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយទេដែលកម្ពុជាបានច្រានចោលនូវការចោទប្រកាន់របស់អាមេរិកពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្ស។ កន្លងមកក្រសួងការបរទេសកម្ពុជាក៏ធ្លាប់ចាត់ទុករបាយការណ៍ស្ដីពីបញ្ហាសិទ្ធិមនុស្សកម្ពុជា ចេញដោយក្រសួងការបរទេសអាមេរិក គ្មានភាពសត្យានុម័ត ខ្វះនូវទិន្នន័យ និងខ្វះព័ត៌មាន។ ការចេញមកនិយាយដោយគ្មានការពិតបែបនេះ កម្ពុជាចាត់ទុកជារឿងដែលហួសចិត្ដ ហើយអាមេរិកមិនបានធ្វើជាគំរូដល់បណ្ដាប្រទេសផ្សេងទៀតក្នុងការអនុវត្ដលើបញ្ហាសិទ្ធិមនុស្សទេ។ តាមពិតអាមេរិកខ្លួនឯងទេ ដែលមិនបានលើកយកការរំលោភបំពានសិទ្ធិមនុស្សក្នុងប្រទេសខ្លួនមកបញ្ជាក់នៅក្នុងរបាយការណ៍។ ក្រសួងការបរទេសកម្ពុជាធ្លាប់បានរម្លឹកដល់សហរដ្ឋអាមេរិកពីហេតុការណ៍ប្រវត្ដិសាស្ដ្រ ដែលអាមេរិកបានទម្លាក់គ្រាប់បែកក្នុងដែនអធិបតេយ្យកម្ពុជានៅអំឡុងទសវត្សទី៧០ បណ្ដាលឱ្យពលរដ្ឋកម្ពុជាជាច្រើនរងគ្រោះ និងចាត់ទុកនោះជាបំណុលសីលធម៌ដែលអាមេរិកជំពាក់កម្ពុជា។

ជុំវិញការចេញរបាយការណ៍ស្ដីពីការគោរពសិទ្ធិមនុស្សឆ្នាំ២០២១នេះទៀតសោត ក៏ធ្លាប់មានមតិមួយចំនួនចាត់ទុកថាអាមេរិកយកការងារនេះ ដើម្បីជាលេសជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃប៉ុណ្ណោះ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ រាប់ចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន ស៊ីរី រហូតដល់បដិវត្តន៍ពណ៌ដែលកើតមាននៅអឺរ៉ុបខាងកើត និងតំបន់បាល់កង់ អាមេរិកបានប្រើប្រាស់សិទ្ធិមនុស្សជាអាវុធ បង្កគ្រោះមហ្តរាយខាងមនុស្សធម៌ជាច្រើន។ បើតាមលោកRodriguez រដ្ឋមន្ត្រីការបរទេសនៃប្រទេសគុយបាបានថ្លែងថា អាមេរិកញុះញង់និងគំរាមកំហែងប្រទេសដែលមិនស្តាប់ការបញ្ជារបស់ក្រុងវ៉ាស៊ីនតោន ដែលបាននិងកំពុងប្រែសិទ្ធិមនុស្សឱ្យក្លាយជាឧបករណ៍ម្យ៉ាង។

ជារួមសម្រាប់កម្ពុជា ក្រសួងការបរទេសបានឆ្លើយតបនឹងរបាយការណ៍អាមេរិកមុនៗហើយថា ជារបាយការណ៍ដែលជ្រើសយកតែជ្រុងមួយមកធ្វើជាអាវុធរិះគន់តែប៉ុណ្ណោះ។ ចំពោះកម្ពុជានៅតែបន្ដអនុវត្ដប្រជាធិបតេយ្យ ដែលស្របទៅតាមរដ្ឋធម្មនុញ្ញដោយឥតងាករេ។

គួរជម្រាបជូនថា របាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្ដីពីការគោរពសិទ្ធិមនុស្សឆ្នាំ២០២១ បានវាយតម្លៃទៅលើការគោរពសិទ្ធិមនុស្សរបស់ប្រទេសនិងដែនដីប្រមាណជិត២០០ ដោយក្នុងនោះក៏មានកម្ពុជាផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង