ចូលឆ្នាំខ្មែរបីថ្ងៃ ខេត្តស្ទឹងត្រែងមានភ្ញៀវទេសចរជាង២ម៉ឺន៤ ពាន់នាក់មកកម្សាន្ត
ខេត្តស្ទឹងត្រែង ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេលបីថ្ងៃ ភ្ញៀវទេសចរបានមកលេងតាមតំបន់រមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តស្ទឹងត្រែងមានចំនួនជាង២៤.៧១៦ នាក់ មានការកើនឡើងគួរឱ្យកត់ សម្គាល់ ដែលបង្ហាញពីប្រទេសកម្ពុជាមានសុខសន្តិភាព និងសុវត្ថិភាពផ្នែកសុខភាព។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសា ឆ្នាំ២០២២ លោក អ៊ុនប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ការទទួលបានភ្ញៀវទេសចរច្រើនមកលេង នៅឆ្នាំនេះ ដោយសារខេត្តមានកត្តាធំៗបួនយ៉ាង ដូចជា មានរមណីយដ្ឋានស្អាត-ផ្លូវគមនាគមន៍ស្រួលធ្វើដំណើរ-ប្រជាពលរដ្ឋមានជីវភាពធូរធារ-គួបផ្សំនឹងសង្គមជាតិយើងមានសន្តិសុខល្អផង ជាពិសេសបងប្អូនប្រជាពលរដ្ឋយើងបានចាក់វ៉ាក់សាំងគ្រប់គ្នាក្នុងការបង្ការជំងឺកូវីដ១៩។
លោកប្រធានមន្ទីរបន្តថា សំខាន់ជាងនេះទៀត ប្រមុខរាជ រដ្ឋាភិបាលបានផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋក្នុងខេត្តចំនួន៤នៅភាគឦសាន សម្រេចចិត្តមិនពាក់ម៉ាស់ដោយខ្លួនឯង ហើយខេត្តនៅភូមិភាគឦសាននេះ មានសក្តានុពលធម្មជាតិ អាជ្ញាធរ និងសហគមន៍បានបង្កើតតំបន់រមណីយដ្ឋានបែបធម្មជាតិ វប្បធម៌ និងភាពច្នៃ ប្រឌិត អាចទាក់ទាញភ្ញៀវឲ្យមកកម្សាន្តជាខ្សែសង្វាក់ ចេញពីខេត្តមួយទៅខេត្តមួយទៀតបានងាយស្រួល។
លោកតៃតុលា ម្ចាស់រមណីយដ្ឋាន និស័្សយស្នេហ៍ បានបញ្ជាក់ថា ឆ្នាំនេះមានវត្តមានភ្ញៀវច្រើនហើយ បើតាមកត់ សម្គាល់ភ្ញៀវជាតិយើងធ្វើដំណើរវិលជុំ ចេញពីខេត្តក្រចេះមកស្ទឹងត្រែងទៅ រតនគីរី និងមណ្ឌលគីរី ហើយចេញទៅកំពង់ចាម ព្រោះផ្លូវគមនាគមន៍ងាយស្រួលធ្វើដំណើរ។
លោកទទួលស្គាល់ថា ឆ្នាំថ្មីនេះភ្ញៀវទេសចរយើងមានស្មារតីភ្ញាក់រលឹកខ្ពស់ក្នុងការគោរពច្បាប់ចរាចរណ៍ ហើយផ្នែកបរិស្ថានក៏ចូលរួមចំណែកបានល្អផងដែរ ព្រោះពួកគាត់បានវេចខ្ចប់ សំរាមដាក់ក្នុងធុងបានត្រឹមត្រូវ។
លោកស្រី នួន សាន ភ្ញៀវទេសចរមកពីខេត្តពោធិ៍សាត់ បានបញ្ជាក់ថា នេះជាផ្នែកមួយបង្ហាញពីភាពយល់ដឹង និងចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើងដែលចេះស្រឡាញ់បរិស្ថានរួមគ្នាធ្វើឲ្យទីក្រុងស្អាត បរិស្ថានស្អាត រមណីយដ្ឋានល្អ។
លោកស្រីថា៖ទៅឆ្នាំខាងមុខទៀតភ្ញៀវទេសចរ កាន់តែដើរកម្សាន្តច្រើន ក្នុងពេលដែល ម្ចាស់សហគមន៍អេកូទេសចរណ៍នីមួយៗ ប្រឹងប្រែងរៀបចំបន្ថែមកែច្នៃរមណីយដ្ឋានឲ្យបានល្អជាងនេះ ដើម្បីធ្វើឲ្យឆ្លើយតបទៅនឹងសំណូមពរដែលភ្ញៀវទេសចរបានស្នើឡើង ដូចជាសេវាកម្មផ្នែកម្ហូបអាហារ យឺត -តម្លៃខ្ពស់-បង្គន់អនាម័យនៅមានកម្រិត -កន្លែងផ្ញើឡានម៉ូតូរៀបចំការចេញចូលពិបាកជាដើម ដែលត្រូវកែសម្រួលឡើងវិញ៕សម្រួលដោយ ទៀង បុណ្ណរី