រយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរ ប្រមាណជាង៥០ម៉ឺននាក់ មកលេងកម្សាន្តក្នុងខេត្តកំពង់ចាម

 កំពង់ចាម ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២–

លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងនៅថ្ងៃ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអាទិត្យ ទី១៧ មេសា ឆ្នាំ២០២២ថា ក្នុងឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរ ដែលមកទស្សនាលេងកម្សាន្ត នៅតាមបណ្តារមណីយដ្ឋាន និងកន្លែងកម្សាន្ត ក្នុងខេត្តកំពង់ចាម សរុបចំនួន ៥១៤ ៤៤៧នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៥១៣.៩៤៣នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ៥០៤នាក់។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម រូបនេះ បានឱ្យដឹងទៀតថា ក្នុងនោះរមណីយ ដ្ឋាន និងកន្លែងកម្សាន្ត ដែលភ្ញៀវនិយមមកលេងច្រើនជាងគេ មានសង្ក្រាន្ត នៅវាលខាងមុខសាលាខេត្ត ក្រុងកំពង់ចាម, រមណីយដ្ឋានទឹកឆា, រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន, រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ, រមណីយដ្ឋានគនរបាជ័យ, រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ, អាហារដ្ឋានស្មៅទន្លេ, អាហារដ្ឋានសួនស្នេហ៍សុភមង្គល ជាដើម…។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានឱ្យអង្គភាពនានាជុំវិញខេត្តព្រមទាំងម្ចាស់រមណីយដ្ឋាននានា អបអរសាទររៀបចំសង្ក្រាន្ត និងលេងល្បែងប្រជាប្រិយ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តលេង ក្រោយពីខកខានបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ២ឆ្នាំ ដោយសារតែជំងឺកូវីដ-១៩។ ពិសេសរដ្ឋបាលខេត្ត មានកម្មវិធីរាំលេងកម្សាន្តនៅបរិវេណសប្បាយវាលស្មៅមុខសាលាខេត្ត ដល់ពេលរាត្រីមានពលរដ្ឋមកពីគ្រប់ទិសទីចូលរួមសប្បាយយ៉ាងច្រើនកុះករ និងដោយមានការចូលរួមដោយផ្ទាល់ដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងសហការី បានដឹកនាំលេងកម្សាន្តផ្ទាល់ ជាមួយប្រជាពលរដ្ឋ ក្នុងរយៈពេលបីថ្ងៃតែម្តង ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង