ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធិផលនានានៅក្នុងវត្តតាំងក្រសៅ ស្ថិតនៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ

ខេត្តកំពង់ធំ ៖ ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាទេសាភិបាលធនាគារជាតិកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ អមដំណើរដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធិផលនានា នៅក្នុងវត្តតាំងក្រសៅ ស្ថិតភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ថ្មីៗនេះ។ ពិធីនេះមានការអញ្ជើញចូលរួមពីព្រះសង្ឃ សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការកងកម្លាំង សិស្សានុសិស្សនិងពុទ្ធបរិសិទ្ធជាច្រើននាក់ផងដែរ ។

ថ្លែងក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ជា ចាន់តូ បានលើកឡើងថា ៖ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសន៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបាននាំយកសន្តិភាពមកជូនជាតិមាតុភូមិកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍គ្រប់វិស័យ ។

ទទឹមនឹងនោះដែរឯកឧត្តមបណ្ឌិត ជា ចាន់តូ បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើជូនដល់បងប្អូនពុកម៉ែកូនក្មួយទាំងអស់ ដែលមានរស់នៅលើទឹកដីខេត្តកំពង់ធំ ។ លើសពីនេះទៀត សម្តេចតេជោ បានដឹកនាំប្រទេសមានការរីកចម្រើន ទាំងការងារនយោបាយ ការងារសង្គម ជាពិសេសការងារគិតគូរសុខទុក្ខការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឲ្យចៀសផុតពីជំងឺកាចសាហាវដែលកំពុងតែគំរាមកំហែងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាយើង ក្នុងនោះដែរក៏ផ្ដោតសំខាន់ទៅលើជុំវិញការងារអភិវឌ្ឍន៍ផងដែរ។ ឯកឧត្តមបណ្ដិត បន្ដថា ប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាពផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាពរបស់ប្រជាជនពីព្រោះកត្តាសុខ សន្តិភាពជាគន្លឹះនៃការអភិវឌ្ឍន៍ ដែលធ្វើឲ្យប្រជាពលរដ្ឋអាចរកស៊ីមានបាន ដោយរក្សានូវសុវត្តិភាព សេ្ថរភាពល្អ នៅក្នុងសង្គមជាតិ ហេតុដូចនេះហើយទើបយើងត្រូវចូលរួមក្នុងការថែរក្សាសុខសន្តិភាពអោយបានពេញលេញដោយមិនអោយរបូតពីដៃយើងឡើយ។

ជាមួយគ្នានេះដែរឯកឧត្តមបណ្ឌិត ជា ចាន់តូ បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ រៀនរស់ និងធ្វើការតាមប្រក្រតីភាពថ្មី ដោយអនុវត្តតាមវិធានការណ៍ ៣ការពារ៣កុំ ។ ចំណែកឯកងកម្លាំង និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានរៀងៗខ្លួន ជាពិសេស នៅថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលដល់នាពេលខាងមុខនេះប្រកបដោយសុខ និងសុវត្ថិភាពខ្ពស់ ។

ចុងក្រោយឯកឧត្តមបណ្ដិត និងលោកជំទាវ និងសប្បុរសជនទាំងអស់បានចូលរួម រួមទាំងពុទ្ធបរិស័តរួមទាំងក្រុមការងារបានធ្វើពិធីរាប់បាត្រព្រះសង្ឃជាង៨០អង្គផងដែរ ៕ សម្រួលដោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង