ចិននឹងបង្កើតតំបន់សាកល្បងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនចំនួន ២៧កន្លែងបន្ថែមទៀត

ភ្នំពេញថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២

ទីក្រុង និងតំបន់ចំនួន ២៧បន្ថែមទៀតនៅក្នុងប្រទេសចិនត្រូវបានអនុម័តដោយក្រុមប្រឹក្សារដ្ឋកាលពីពេលថ្មីៗនេះ ដើម្បីបង្កើតតំបន់សាកល្បងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន ដែលនឹងធ្វើឱ្យចំនួនសរុបនៃតំបន់សាកល្បងនេះឡើងដល់ទៅ ១៣២កន្លែង ដែលជាការអភិវឌ្ឍមួយដ៏រីកចម្រើនក្នុងវិស័យពាណិជ្ជកម្មបរទេស។

តំបន់សាកល្បងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែននេះមានគោលបំណងបង្កើតការអនុវត្ត និងបទពិសោធន៍ដែលអាចអនុវត្តតាមបានសម្រាប់ការអភិវឌ្ឍ ឬពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនតាមរយៈនវានុវត្តន៍ស្ថាប័ន នវានុវត្តន៍ការគ្រប់គ្រង នវានុវត្តន៍សេវាកម្ម និងការអភិវឌ្ឍន៍ដែលមានការសម្របសម្រួល។

កាលពីមុន ប្រទេសចិនបានបង្កើតតំបន់សាកល្បងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនចំនួន ១០៥កន្លែងនៅក្នុងតំបន់កម្រិតខេត្តចំនួន ៣០ ក្នុង ៥ក្រុម។ តំបន់សាកល្បងទាំងនោះបានជួយសម្រួលដល់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃវិស័យឧស្សាហកម្ម។

យោងតាមស្ថិតិដែលបានចេញផ្សាយដោយរដ្ឋបាលទូទៅគយបានឱ្យដឹងថា បរិមាណពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនរបស់ប្រទេសចិនបានកើនឡើងដប់ដងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ គ្រាន់តែក្នុងឆ្នាំ២០២១ ការនាំចូល និងនាំចេញពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនរបស់ប្រទេសចិនបានកើនឡើង ១៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលឈានដល់តម្លៃ ១,៩៨ទ្រីលានយន់ (ប្រមាណ ៣១១ប៊ីលានដុល្លារអាម៉េរិក)។

ប្រទេសចិនបាន និងកំពុងពន្លឿនការអភិវឌ្ឍតំបន់សាកល្បងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយព្យាយាមបង្កើតប្រព័ន្ធសំខាន់ៗចំនួនប្រាំមួយនៃការចែករំលែកព័ត៌មាន សេវាកម្មហិរញ្ញវត្ថុ ភស្តុភារឆ្លាតវៃ ឥណទានពាណិជ្ជកម្មអេឡិចត្រូនិក ការត្រួតពិនិត្យស្ថិតិ និងកិច្ចការពារ និងការគ្រប់គ្រងហានិភ័យ ព្រមទាំងការបង្កើតក្របខ័ណ្ឌគោលនយោបាយដែលផ្តោតទៅលើប្រព័ន្ធ «ច្រកចេញចូលតែមួយ» ផងដែរ។

នៅពេលអនុម័តចំពោះទីក្រុង និងតំបន់ចំនួន ២៧ ដើម្បីបង្កើតតំបន់សាកល្បងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែននេះ ក្រុមប្រឹក្សារដ្ឋបានសង្កត់ធ្ងន់ទៅលើការផ្តល់តួនាទីពេញលេញដល់វិស័យពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនក្នុងការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មប្រពៃណី និងការលើកកម្ពស់ឌីជីថលនីយកម្មឧស្សាហកម្ម ដើម្បីធានាឱ្យមានភាពរីកចម្រើន ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងនវានុវត្តន៍សម្រាប់វិស័យនេះ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង