អភិបាលខេត្តស្ទឹងត្រែងរំលឹកឱ្យមន្ត្រីសុខាភិបាលគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ
អភិបាលខេត្តស្ទឹងត្រែងបានក្រើនរំលឹកឱ្យមន្ត្រីសុខាភិ បាលគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួនជាគ្រូ ពេទ្យ និងបង្កើនការព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកប ដោយការយកចិត្តទុកដាក់បំផុត ដោយគិតការងារសង្គ្រោះអាយុជីវិត ជាងផលប្រយោជន៍ ផ្ទាល់ខ្លួន។
ថ្លែងក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ ថែទាំទារកនៃមន្ទីរពេទ្យបង្អែកខេត្តស្ទឹង ត្រែង ជាជំនួយរបស់រាជរដ្ឋា ភិបាលសាធារណរដ្ឋកូរ៉េ ថ្ងៃ ទី១១ខែមេសានេះ ឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្ត មានប្រសាសន៍ថា៖នេះជាការបន្ថែមសមិទ្ធផលថ្មីមួយទៀត សម្រាប់បំរើឱ្យសេវាសុខាភិ បាលនៅក្នុងខេត្តស្ទឹងត្រែងយើង បានកាន់តែឆ្លើយតបក្នុងការទទួលការព្យាបាល សង្គ្រោះមាតានិងទារកឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ឯកឧត្តមមានប្រសាសន៍បន្តថា៖ ទន្ទឹមនឹងមានអគារថ្មី នេះ សូមឱ្យមន្ត្រីផ្នែកបំរើសេវាសុខាភិបាលទាំងអស់ ត្រូវពិនិត្យតាមដានឱ្យបានដិត ដល់ ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ៖
អញ្ចឹងត្រូវតែខិតខំជំរុញកែប្រែនូវឥរិយាបថក៏ដូចជាក្រមសីលធម៌របស់ក្រុមគ្រូពេទ្យ មន្ត្រីបុគ្គលិកនៃសុខាភិបាលរបស់យើងនោះនៅក្នុងក្រមសីលធម៌វិជ្ជាជីវៈ ហើយជាងនេះទៀត ត្រូវស្មោះត្រង់បម្រើ សេវាជូនប្រជាពលរដ្ឋដោយឥតរើសអើង ដោយឥតគិតថ្លៃ ក្នុងស្មារតីនេះ ក៏ជាការរួម ចំណែកទៅក្នុង គោលនយោ បាយកំណែទម្រង់ ជាពិសេសគឺមានភាពជឿទុកចិត្តពីសំ ណាក់ប្រជាពលរដ្ឋយើងថែមទៀត។
លោកស៊ុយ សុភាព ប្រធាន មន្ទីរពេទ្យបង្អែកខេត្តស្ទឹង ត្រែងបានទទួលយកនូវប្រសាសន៍ដាស់តឿននេះ ព្រោះគ្រូពេទ្យមានកាតព្វកិច្ចជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ដែលមករកសេវាសុខាភិបាលឱ្យទាន់ពេលវេលា ប្រកប ដោយភាពទទួលខុសត្រូវ ។
លោកបានអះអាងថា៖ពេលមានអគារថ្មីបន្ថែមនេះក្រុមគ្រូពេទ្យទាំងអស់នឹងខិត ខំប្រឹងប្រែងបំពេញភារកិច្ចជាគ្រូពេទ្យ ឱ្យកាន់តែបានខ្ជាប់ ខ្ជួន គោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ គ្រប់ជំនាញដែលបានមកសិក្សារៀនសូត្រនេះសម្រាប់ចូលរួមលើកតម្កើងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរឡើង។
លោកវេជ្ជបណ្ឌិតគឹម សាំង យុន តំណាងប្រចាំប្រទេសមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិហៅកាត់ថា(កូហ្វី) បានបញ្ជាក់ថា៖អគារថ្មីសម្អោធដាក់ឱ្យប្រើ ប្រាស់នេះ គឺផ្តោតសំខាន់ទៅលើផ្នែក មាតានិងទារកដែលមកសម្រាលបុត្រដើម្បីបង្កើនការថែទាំ ដូចជាទារកមិនគ្រប់ខែជាដើម។ លោក វេជ្ជបណ្ឌិតបន្ថែមថា៖បច្ចុប្បន្ននេះបន្ទាប់ពីខេត្តស្ទឹងត្រែង កម្មវិធីមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ បានធ្វើការជាមួយខេត្តចំនួន ១២ រួចមកហើយ នៅក្នុងប្រទេសកម្ពុជា ទៅលើផ្នែកថែទាំសុខភាពទារកនិង កុមារ ព្រមទាំងមាតា ដែលប្រឈម ទៅនិងផ្នែកជីវភាពរស់នៅ ។
សូមបញ្ជាក់ថា៖អគារថែទាំទារកដែលបានសម្ពោធឱ្យប្រើប្រាស់នេះមានទទឹង៨ ម៉ែត្រ បណ្តោយ១៦ម៉ែត្រធ្វើពីមេតុងនិងមានកម្ពស់ជាង៥ ម៉ែត្រ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តស្ទឹង ត្រែងទើបសាងសង់ឡើងនៅដើមឆ្នាំ២០២២នេះ៕
សម្រួលដោយ ទៀង បុណ្ណរី