រាជរដ្ឋាភិបាលកំណត់ទិសដៅយុទ្ធសាស្ត្រចំនួន៦ ក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៦ ក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣៥) ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។
ទិសដៅយុទ្ធសាស្រ្តទី១៖ និយាយអំពីការកំណត់តំបន់អាទិភាព សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ក្នុងនោះរួមមាន៖
១៖ របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង៥ គឺដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក។
២៖ របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ប៊ូស្រា-ដាក់ដាំ។
៣៖ ក្រុងសែនមនោរម្យ ជាតំបន់ប្រមូលផ្ដុំទៅដោយសកម្មភាពពហុបំណង។
៤៖ តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយគម្រោងអភិវឌ្ឍព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលអាចអភិវឌ្ឍទៅជាតំបន់រណបភ្ជាប់ជាមួយក្រុងសែនមនោរម្យ។
៥៖ តំបន់ប្រជុំជននៃស្រុកកោះញែក មានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍជាមណ្ឌលទេសចរណ៍ និងការតភ្ជាប់ផ្លូវទឹកនាពេលអនាគត។
៦៖ តំបន់តាមច្រកព្រំដែនទាំង៤ គឺច្រកទ្វារព្រំដែនទ្វេភាគីជឿមៀត ណាមលៀរ ដាក់ដាំ និងឡាប៉ាខេ ដែលអនុញ្ញាតឲ្យមានការអភិវឌ្ឍជាតំបន់ទេសចរណ៍សមាហរណពិសេស។
ទិសដៅយុទ្ធសាស្រ្តទី២៖ និយាយអំពីការអភិវឌ្ឍផលិតផលទេសចរណ៍ និងវិនិយោគក្នុងវិស័យទេសចរណ៍ ក្នុងនោះរួមមាន៖
* នៅឆ្នាំ២០៣៥ តម្រូវការបន្ទប់ស្នាក់នៅនឹងកើនឡើងដល់៧,០០០បន្ទប់ ខណៈដែលបច្ចុប្បន្នមានត្រឹមតែ១,២៣០បន្ទប់។
* ការជំរុញការវិនិយោគសម្បទាទ្រទ្រង់ទេសចរណ៍សំខាន់ៗ ដូចជា សណ្ឋាគារលំដាប់ផ្កាយ (MICE) ទីលានវាយកូនគោល ពហុកីឡដ្ឋាន សកម្មភាពនិងសេវាកម្សាន្ត…។
* ការជំរុញការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ថ្មីៗ។
* ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ។
* ការជំរុញសកម្មភាពកសិ-ទេសចរណ៍។
* ការអភិវឌ្ឍទេសចរណ៍វ័យចំណាស់ ទេសចរណ៍សុខភាព និងទេសចរណ៍ផ្ទះទី២។
ទិសដៅយុទ្ធសាស្រ្តទី៣៖ និយាយអំពីការពង្រឹងគុណភាពទេសចរណ៍ និងធនធានមនុស្ស ក្នុងនោះរួមមាន៖
* គ្រប់បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ត្រូវទទួលការបណ្តុះបណ្តាលប្រកបដោយគុណភាព ស្របតាមស្តង់ដាជាតិ និងអាស៊ាន។
* ជំរុញការសម្រេចឲ្យបានទស្សនាទាន «បុគ្គលិកម្នាក់ ជំនាញមួយ One Staff, One Skill»។
* ផ្តល់អាទិភាពដល់ការសិក្សាបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ឬវិទ្យាស្ថានទេសចរណ៍ប្រចាំខេត្តមណ្ឌលគិរី។
ទិសដៅយុទ្ធសាស្រ្តទី៤៖ និយាយអំពីការផ្សព្វផ្សាយ និងការពង្រឹងរូបភាពវិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី ក្នុងនោះរួមមាន៖
* ការផ្សព្វផ្សាយតាមលក្ខណៈធម្មតា (Traditional Marketing and Promotion)។
* ការផ្សព្វផ្សាយតាមលក្ខណៈឌីជីថល (Digital Marketing and Promotion)។
ទិសដៅយុទ្ធសាស្រ្តទី៥៖ និយាយអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធអន្តរវិស័យគ្រាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងនោះរួមមាន៖
១៖ ការគ្រប់គ្រងសំណល់រឹង-រាវ និងការគ្រប់គ្រងធនធានធម្មជាតិ៖
* ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ ឬសេដ្ឋកិច្ចចក្រា (Circular Economy)។
* សិក្សារៀបចំផែនការគ្រប់គ្រងសំរាមឲ្យបានច្បាស់លាស់ និងជំរុញឲ្យមានការ ពង្រីកសេវាប្រមូលសំរាមបន្ថែមដល់ទីប្រជុំជននៃស្រុកទាំង៤។
* សិក្សារៀបចំឲ្យមានអាងស្តុកប្រព្រឹត្តកម្មសំណល់រាវមួយក្នុងខេត្តមណ្ឌលគិរី។
* ជំរុញភាគីពាក់ព័ន្ធទាំងអស់ផ្តោតការយកចិត្តទុកដាក់លើវិធានការស្តារ និងបង្កើតចលនាដាំដើមឈើឡើងវិញ។
២៖ ការផ្គត់ផ្តង់ និងប្រើប្រាស់ទឹកស្អាត៖
* ត្រឹមឆ្នាំ២០៣០ ប្រជាជនរស់នៅតំបន់ទីប្រជុំជន និងជនបទទទួលបានទឹកស្អាតប្រើប្រាស់។
* រក្សាការពារប្រភពទឹកដែលមានស្រាប់ និងស្វែងរកប្រភពទឹកថ្មី។
* សិក្សាបន្ថែមឲ្យមានអាងសម្រាប់ស្តុក និងចម្រោះទឹកស្អាតមួយនៅក្នុងក្រុងសែនមនោរម្យ។
៣៖ ការផ្គត់ផ្តង់ និងប្រើប្រាស់អគ្គិសនី៖
* ទាក់ទាញអ្នកវិនិយោគក្នុង និងក្រៅស្រុក ដើម្បីអភិវឌ្ឍនិងសាងសង់ហេដ្ឋារចនាសម្ពន្ធអគ្គិសនី។
* សម្របសម្រួល និងគាំទ្រដល់ការសិក្សា រុករក និងការអភិវឌ្ឍប្រភពថាមពលអគ្គិសនីស្អាត ឬបៃតង។
៤៖ ការអភិរក្សវប្បធម៌ជនជាតិដើមភាគតិច៖
* សិក្សារៀបចំសារៈមន្ទីរជនជាតិដើមភាគតិចឲ្យបានយ៉ាងតិចមួយនៅក្រុងសែនមនោរម្យ ឬនៅតាមទីតាំងសំខាន់ណាមួយ។
* រៀបចំឲ្យមានភូមិវប្បធម៌សហគមន៍ជនជាតិដើមភាគតិចមួយនៅឃុំដាក់ដាំក្នុងស្រុកអូររាំង។
* សិក្សាលទ្ធភាពក្នុងការបង្កើតសាលាវប្បធម៌ និងវិចិត្រសិល្បៈសម្រាប់ជនជាតិដើមភាគតិច។
៥៖ ការផ្សារភ្ជាប់វិស័យរ៉ែ និងទេសចរណ៍៖
* កំណត់តំបន់អាទិភាព (Zoning) ក្នុងការទាញយករ៉ែ។
* ពិនិត្យលទ្ធភាពក្នុងការបង្កើតសារមន្ទីររ៉ែ ដើម្បីឲ្យភ្ញៀវទេសចរអាចចូលរួមមកទស្សនាសំណាក គំរូរ៉ែ។
* ពិនិត្យលទ្ធភាពក្នុងការប្រែក្លាយតំបន់ភ្នំណាមលៀរដែលជាប្រភេទភ្នំថ្មក្រានីតទៅជាសួនភូគព្ភសាស្រ្ត (Geo Park) និងជាគោលដៅទេសចរណ៍។
៦៖ ការផ្សារភ្ជាប់វិស័យកសិកម្ម និងទេសចរណ៍៖
* លើកទឹកចិត្ត និងទាក់់ទាញការវិនិយោគជាកសិដ្ឋានសមាហរណ (Integrated Farming)។
* បង្កើតស្លាកសញ្ញាសម្គាល់ផលិតផលប្រចាំតំបន់ និងប្រចាំខេត្ត ដូចជា ផ្លែប័រ ទុរេន កាហ្វេ ទឹកឃ្មុំ ស្រាផាស់សិន និងផលិតផលកសិកម្មផ្សេងទៀត។
* ជំរុញការអភិវឌ្ឍខ្សែក្រវាត់បៃតង។
* ជំរុញការប្រើប្រាស់ និងចែករំលែកចំណេះដឹង និងបចេ្ចកវិទ្យាទំនើប។
៧៖ វិស័យសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម៖
* សិក្សាបង្កើតសាលាបណ្តុះបណ្តាល ឬវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសខេត្តមណ្ឌលគិរី។
* ការរៀបចំស្លាកសញ្ញា ឆ្លើយតបតាមស្តង់ដាគុណភាព និងសមាមាត្រតម្លៃ។
៨៖ ការគាំពារសេវាវេជ្ជសាស្ត្រ និងសុខាភិបាល៖
* ពង្រឹងហេដ្ឋារចនាសម្ពន្ធ និងការធ្វើទំនើបកម្មវិស័យវេជ្ជសាស្ត្រ និងសុខាភិបាលក្នុងខេត្តមណ្ឌលគិរីស្របតាមស្តង់ដាជាតិ-អន្តរជាតិ។
* ផ្តល់អាទិភាពការវិនិយោគ និងអភិវឌ្ឍវិស័យសុខាភិបាល តាមរយៈការបង្កើតមន្ទីរពេទ្យស្តង់ដាអន្តរជាតិក្នុងខេត្តមណ្ឌលគិរី។
៩៖ ការជំរុញការអភិវឌ្ឍបច្ចេកវិទ្យា នវានុវត្តន៍ និងភាពច្នៃប្រឌិត៖
ក្រុងសែនមនោរម្យគួរត្រូវបានសិក្សាអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ (Smart City) និងបញ្ចូលបច្ចេកវិទ្យាឆ្លាតវៃនានា។
ទិសដៅយុទ្ធសាស្រ្តទី៦៖ គឺនិយាយអំពីការតភ្ជាប់ ការសម្រួលការធ្វើដំណើរ និងការធ្វើសមាហរណកម្មក្នុងក្របខណ្ឌជាតិ និងតំបន់ ដែលត្រង់ចំណុចនេះមានពន្យល់បន្ថែមថា ការតភ្ជាប់ការធ្វើដំណើរនេះគឺមានមធ្យោបាយចំនួន៣៖
១៖ ការតភ្ជាប់តាមផ្លូវអាកាស៖ ខណៈដែលបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងអនុវត្តការសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលមិនត្រឹមតែតភ្ជាប់រវាងព្រលានយន្តហោះក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងឈានទៅដល់ការតភ្ជាប់ជាមួយបណ្ដាប្រទេសជិតខាង ដូចជា វៀតណាម ឡាវ ថៃជាដើម។ តាមការបញ្ជាក់ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល នឹងបញ្ចប់គម្រោងសាងសង់ព្រលានយន្តហោះនេះនៅចុងឆ្នាំ២០២៣។
២៖ ការតភ្ជាប់តាមផ្លូវទឹក៖ ដោយសារនៅស្រុកកោះញែកមានទន្លេស្រែពកដែលតភ្ជាប់ជាមួយទន្លេមេគង្គ ដូច្នេះទៅពេលអនាគតកម្ពុជាអាចតភ្ជាប់បណ្ដាញទេសចរណ៍ផ្លូវទឹកពីចំណុចទន្លេចតុមុខ តំបន់ទន្លេសាប តំបន់ឆ្នេរ ហើយនឹងមានការកសាងឱ្យមានចំណតយន្តហោះលើទឹកសម្រាប់បម្រើដល់វិស័យទេសចរណ៍។
៣៖ ការតភ្ជាប់តាមផ្លូវគោក៖ ផែនការមេដដែលនេះបានជំរុញឱ្យមានការសិក្សាអភិវឌ្ឍនូវផ្លូវល្បឿនលឿន (High way) តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនេះ ដែលមានកំណត់នៅក្នុងចក្ខុវិស័យដល់ឆ្នាំ២០៣៥។
គួរជម្រាបថា ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) ត្រូវបានធ្វើឡើងដោយផ្ទាល់ និងប្រយោលតាម Zoom ក្រោមអធិបតីភាពឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានការចូលរួមពីឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិកាជាតិដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តមណ្ឌលគិរី។
ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ការរៀបចំ និងការដាក់ចេញផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ នេះ នឹងអនុញ្ញាតឲ្យខេត្តមណ្ឌលគិរីក្លាយជាគោលដៅនៃការធ្វើពិពិធកម្មទេសចរណ៍របស់កម្ពុជា ជាប្រភេទអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងកសិកម្ម ព្រមទាំងទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច ដែលនឹងចូលរួមចំណែកធ្វើឲ្យភូមិភាគឦសាន្ដក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ ដោយមានខេត្តមណ្ឌលគិរីជាស្នូល ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ដែរថា បំណងប្រាថ្នាសំខាន់របស់ផែនការមេនេះ គឺជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរីជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កាស្រស់ បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។ ដូច្នេះខេត្តមណ្ឌលគិរីត្រូវត្រៀមលក្ខណៈសម្បត្តិដើម្បីចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលកំពុងមានកំណើនគួរឲ្យកត់សម្គាល់ ស្របពេលដែលបញ្ហាប្រឈមថ្មីៗក្នុងពិភពលោក ដូចជាភាពតានតឹងនៃស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោក និងហេតុការណ៍ដែលកើតឡើងឥតគ្រោងទុក ដូចជាករណីវិបត្តិជំងឺកូវីដ-១៩ជាដើម ដោយឈរលើភាពរឹងមាំនៃសក្តានុពលរបស់ខ្លួន។
ឯកឧត្ដម ថោង ខុន បានបន្តថា ផែនការមេនេះនឹងក្លាយជាឯកសារយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ក៏ដូចជាតំបន់ភាគឦសានទាំងមូល ពិសេសរួមចំណែកធ្វើឲ្យតំបន់ភាគឦសានក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា៕ សម្រួលដោយ ទៀង បុណ្ណរី