អាជ្ញាធរមីន ចុះអនុស្សរណៈជាមួយតំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group ដើម្បីគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា

ខេត្តស្វាយរៀង ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២

អាជ្ញាធរមីន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយតំបន់​សេដ្ឋកិច្ច​ពិសេស Manhattan និងក្រុមហ៊ុន MedTecs Group ដើម្បីចូលរួមគាំទ្រដល់ការងារបោស​សម្អាតមីន​មនុស្សធម៌នៅកម្ពុជា។ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ បានធ្វើឡើង​ដោយ​មានការអញ្ជើញចូលរួមពីឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក Clement Yang ប្រធានតំបន់សេដ្ឋកិច្ចពិសេស Manhattan ហើយចុះហត្ថ​លេខា​នេះ អាជ្ញាធរមីនតំណាងដោយ ឯកឧត្ដម​ ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និង​តំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group តំណាងដោយ​ លោក​ Larry Kao នាយកប្រចាំប្រទេស នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នៅក្រុង​បាវិត ខេត្ដ​ស្វាយរៀង។ នេះបើតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ។

ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ បាន​ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការ​ដឹកនាំលោក Clement Yang និងលោក Larry Kao សម្រាប់តំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group ដែលបានចូលរួមផ្តល់ឱកាសការងារយ៉ាងច្រើន និងលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងដល់ប្រជាជនខ្មែរ ជាពិសេសបាន​ចូល​រួមប្រែក្លាយតំបន់ស្ងប់ស្ងាត់ និងវាលស្រែនៅក្រុងបាវិត ទៅជាតំបន់សម្បូរទៅ​ដោយ​រោងចក្រ មានភាពអ៊ូអរ និងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ។​ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានលើក​ឡើងថា គ្រាន់តែ​តំបន់​សេដ្ឋកិច្ច​ពិសេស​ Manhattan​ មាន​កម្មករ​ធ្វើការ​ប្រមាណ​ជាង​ ៣៥ ០០០​ នាក់​ និង​តំណាង​ឱ្យ​ការ​នាំ​ចេញ​ប្រមាណ​ ៦ភាគរយ​ នៃ​ការ​នាំចេញ​ទូទាំង​ប្រទេស​។

តែទោះ​បី​យ៉ាង​ណា​ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបន្ដថា ការវិនិយោគទាំងនេះ​បាន​ដំណើរការជោគជ័យ គឺដោយសារការយកចិត្តទុកដាក់ខ្ពស់ និងការដឹកនាំ របស់សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ដែលបាននាំមកនូវសុខសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ​ពាសពេញផ្ទៃប្រទេស មិនត្រឹមតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវឱកាសវិនិ​យោគ​យ៉ាងច្រើនជាមួយនឹងកម្លាំងពលកម្មសម្បូរបែបសម្រាប់ការទាក់ទាញនិងការ​សម្រច ​​ចិត្តរបស់អ្នកវិនិយោគគិន។ ជាមួយ​គ្នា​នេះ​ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបន្ថែមថា សុខ​សុវត្ថិ​ភាពសម្រាប់ការវិនិយោគ ក៏មានការចូលរួមធានាពីការងារបោសសម្អាតមីន និង​សំណល់​ជាតិផ្ទុះពីសង្រ្គាមផងដែរ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យ​វែងឆ្ងាយ និងច្បាស់លាស់ ក្នុងគោលដៅបញ្ចប់ការគំរាមដោយសារគ្រាប់មីននៅកម្ពុជា ហើយ​ប្រសិន​បើយើងរួបរួមគ្នា ឆ្នាំ២០២៥ ខាងមុខ នឹងគ្មានវត្តមានគ្រាប់មីន និងគ្មានអ្នកគ្រោះ​ថ្នាក់ដោយសារគ្រាប់មីនបន្តទៀតនៅកម្ពុជាឡើយ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង