អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ប្រព័ន្ធអង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តគាំទ្រកម្ពុជាតាមរយៈវិស័យសក្ដានុពល

ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២

លោកជំទាវ Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ដែលបញ្ចប់បេសកកម្មនៅកម្ពុជាបានគូសបញ្ជាក់ថា ប្រព័ន្ធអង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តគាំទ្រកម្ពុជាតាមរយៈវិស័យសក្ដានុពល ដូចជា វិនិយោគលើធនធានមនុស្ស ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្នុងខណៈដែលលោកជំទាវបញ្ចប់បេសកកម្មនៅកម្ពុជា។

លោកជំទាវ Pauline បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោកជំទាវពិតជាមានកិត្តិយសណាស់ ដែលបានមកបម្រើការងារ ជាអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិនៅកម្ពុជា។ លោកជំទាវក៏បានវាយតម្លៃខ្ពស់បំផុត ចំពោះភាពជាដៃគូល្អ កិច្ចសហប្រតិបត្តិការល្អ ការប្ដេជ្ញាចិត្តខ្ពស់ចំពោះពហុភាគីនិយម ការចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាពពិភពលោក និងការដឹកនាំដ៏មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីរាលដាលនៃជំងឺកូវីដ១៩ ដែលទាំងនេះសុទ្ធសឹងជាជោគជ័យ ដែលជាគំរូដែលមិនត្រឹមតែសម្រាប់ប្រទេសនានានោះទេ ប៉ុន្តែជាបទពិសោធន៍ដែលអាចយកទៅប្រើប្រាស់បាននាពេលអនាគត។ លោកជំទាវ Pauline Tamesis បានជម្រាបជូនសម្ដេចតេជោដែរថា ប្រព័ន្ធអង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តគាំទ្រកម្ពុជាតាមរយៈវិស័យសក្ដានុពល ដូចជា វិនិយោគលើធនធានមនុស្ស ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយការលើកឡើងរបស់លោកជំទាវ Pauline និងថ្លែងអំណរគុណលោកជំទាវ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ពិសេសថ្មីៗនេះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្ដេចតេជោបានលើកឡើងអំពីការចូលរួមរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងការទទួលឱ្យចូលចតនៃនាវា វេស្ទឺដាម នាពេលកន្លងមក ដែលប្រសិនបើកម្ពុជាមិនទទួលឱ្យចូលចតទេ មិនដឹងជាវាសនារបស់អ្នកធ្វើដំណើរលើនាវានោះទៅជាយ៉ាងណានោះទេ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជម្រាជូនលោកជំទាវ Pauline និងគណៈប្រតិភូ ពីយុទ្ធសាស្ត្រផ្ការីក ដែលបានប្រើសម្រាប់ប្រយុទ្ធប្រឆាំងការរីករាលដាលនឹងជំងឺកូវីដ១៩ ជាមួយការបន្តយកចិត្តទុកដាក់លើកិច្ចគាំពារសង្គម និងវិស័យសុខាភិបាល។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងអំណរគុណលោកជំទាវ Pauline Tamesis និងប្រព័ន្ធអង្គការសហប្រជាជាតិទាំងអស់ ដែលបានចូលរួមចំណែក និងឆ្លងកាត់ការលំបាកជាមួយកម្ពុជា៕សម្រួលដោយ ទៀង បុណ្ណរី


អត្ថបទដែលជាប់ទាក់ទង