ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ក្រោមជាតិ ដើម្បីពន្លឿន ការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅកម្ពុជា
នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ក្រោមជាតិ ដើម្បីពន្លឿន ការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅកម្ពុជា ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពីលោក ថោង ពោជ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ, លោក ឃួច លីននី អគ្គនាយករងបច្ចេកទេស រួមទាំងអភិបាលរងរាជធានី ខេត្ត ទាំង២៥ និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យទឹកស្អាត និងអនាម័យជនបទ និងដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ មន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ។
នៅក្នុងផែនការសកម្មភាពក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថាដើម្បីឆ្លើយតបគោលដៅអភិវឌ្ឈន៍ប្រកបដោយចីរភាព ក៏ដូចគោលដៅជាយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) របស់រាជរដ្ឋាភិបាលកម្ពុជា និងចក្ខុវិស័យនៃវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈផែនការ សកម្មភាពជាតិលើកទី២ បានដាក់ចេញគោលដៅដល់ឆ្នាំ ២០២៣ ត្រូវសម្រេចឲ្យបាន ODF៣ខេត្ត/២៤ខេត្ត, ODF ៣០ស្រុក/១៦២ស្រុក, ៦០០ODF ឃុំ/១.៤០៥ឃុំ សង្កាត់ និង ODF១២.៧០០ភូមិ/១៤.៣៨៣ភូមិ។
គោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងអំពីការផ្លាស់ប្តូរឥរិយាបថអនាម័យរបស់ប្រជាពលរដ្ឋសហគមន៍ ការទទួលខុសត្រូវ និងការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលខេត្ត និងតួអង្គពាក់ព័ន្ធទាំងអស់នៅថ្នាក់ក្រោមជាតិមានសារសំខាន់ចាំបាច់បំផុត ដើម្បីឈានទៅសម្រេចគោលដៅ ODF ដែលបានកំណត់ក្នុងផែនការសកម្មភាពជាតិ ៕សម្រួលដោយ តៀង បុណ្ណរី