មន្ត្រីអធិការកិច្ចក្រសួងសេដ្ឋកិច្ច និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចុះស្រាវជ្រាវក្រោយករណីស្លាប់មន្ត្រីយោធា

TNM(ខេត្តបន្ទាយមានជ័យ) ៖ មន្ត្រីអធិការកិច្ចក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីខាងក្រសួងការពារជាតិ និងកងទ័ពជើងគោក ព្រមទាំងរដ្ឋបាលខេត្តបន្ទាយមានជ័យផងដែរ។

បើតាមប្រភពបានបង្ហើបឲ្យដឹងថា ក្រោយមានករណីមន្ត្រីយោធាកងការពារព្រំដែនលេខ៥០៣ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន សង្ស័យមូលហេតុថា ជនរងគ្រោះរងសម្ពាធតូចចិត្តនឹងមេគយចល័តក្រសួងតំបន់៥ប្រចាំខេត្តបន្ទាយមានជ័យ ដែលបានចាប់ឡានចង្កូតស្តាំ ហើយអង្វរសុំយ៉ាងណាក៏មិនបាននោះ មកទល់ថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២១ ទើបមន្ត្រីអធិការកិច្ចក្រសួង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីខាងកងទ័ពជើគោក និងរដ្ឋបាលខេត្តបានចុះស្រាវជ្រាវករណីខាងលើនេះ។

ប្រភពបានឲ្យដឹងថា បន្ទាប់ពីមានករណីនេះកើតឡើង ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាឲ្យមន្ត្រីអធិការកិច្ចក្រសួង និងគយអគ្គនាយកដ្ឋានចុះស្រាវជ្រាវបន្ទាន់ភ្លាម។ ចំណែកខាងក្រសួង ការពារជាតិបានចាត់តាំងក្រុមអធិការកិច្ចក្រសួង និងអគ្គនាយករដ្ឋានសម្ភារបច្ចេកទេស និងកងទ័ពជើងគោកក៏មានការចុះស៊ើបអង្កេតករណីនេះផងដែរ។ ដោយឡែករដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានចាត់តាំងលោក ង៉ោ ម៉េងជ្រួន អភិបាលរងឲ្យដឹកនាំគណៈកម្មការខេត្តជាម្ចាស់ដែនដីសម្រាប់ធ្វើការជាមួយប្រតិភូអធិការកិច្ចផងដែរ។

ដំណើរការនេះ ខាងគយបានចាប់ផ្តើមធ្វើពីល្ងាចថ្ងៃ១៤ និងព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ហើយបានចប់នូវការហៅមន្ត្រីគយ និងអ្នកពាក់ព័ន្ធសួរបំភ្លឺ។ ចំណែកខាងក្រុមអធិការកិច្ចក្រសួងការពារជាតិ និងអគ្គនាយក សម្ភារបច្ចេកទេសក្រសួងការពារជាតិនឹងធ្វើនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

បន្ទាប់ពីមានការចាប់រថយន្តមន្ត្រីយោធាខាងលើនេះ លោក ឈួន សោភា ប្រធានគយចល័តក្រសួង តំបន់៥បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនដែលមតិខ្លះលើកឡើងថា ឈួន សោភា  ហាក់ដូចគ្មានបទល្មើសគេចពន្ធត្រូវចាប់ បែរជាមកចាប់រថយន្តកញ្ចាស់មួយគ្រឿងនេះទៅវិញ ដែលមន្ត្រីយោធាបានប្រើប្រាស់ក្នុងអង្គភាព។

សូមរម្លឹកថា លោក នាង រិទ្ធឆ័យ អាយុ៣៣ឆ្នាំ ភេទប្រុស រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយធ្វើអត្តឃាតត្រូវបានគេរកឃើញសម្តីចុងក្រោយក្នុងកិច្ចសន្ទានាជាមួយមិត្តភក្តិថា តូចចិត្តចំពោះគយចល័តកូនចៅលោក ឈួន សោភា ចាប់រថយន្តរបស់ខ្លួន បើទោះបីជាជនរងគ្រោះបានខិតខំអង្វរករ និងសុំអន្តរាគមន៍សុំរថយន្តដើម្បីស្នើយកមកប្រើប្រាសវិញ តែខាងគយមិនព្រម។

រីឯខាងយោធភូមិភាគ៥ និងជានាយសេធិការបានសំដែងការសោកស្តាយជាខ្លាំង ដោយបាត់បង់ជីវិតយោធាការពារព្រំដែនទិសខេត្តបន្ទាយមានជ័យ វ័យក្មេងម្នាក់ ករណីធ្វើអត្តឃាតខ្លួនឯងដែលគេដាក់ការសង្ស័យការស្លាប់នោះដោយសារតូចចិត្តរឿងគយចល័តកូនចៅរបស់លោក ឈួន សោភា មេគយចល័តក្រសួងតំបន់៥ ចាប់រថយន្តធ្លាប់ជិះបំរើអង្គភាពការពារព្រំដែនថា ជារថយន្តគេចពន្ធ គឺក្រោយពីរថយន្តនោះទើបដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ហើយបានទៅខ្ចីលុយគេដោះស្រាយ និងជួសជុលរួច ហើយខណៈបើករថយន្តមកអង្គភាពវិញ ក៏ត្រូវគយចល័តចាប់រថយន្តនោះតែម្តង។

អត្ថបទដែលជាប់ទាក់ទង