ថ្នាក់ដឹកនាំខេត្តកន្ទូម ជូនពរឯកឧត្តមអភិបាលខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ខេត្តរតនគិរីៈ ឯកឧត្តម ង្វៀង ហ៊ូថាប សមាជិកគណៈកម្មាធិការបក្ស និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយម វៀតណាម បានដឹកនាំប្រតិភូអញ្ជើញជួបសំណេះសំណាល និងជូនពរ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ខាងមុខ។ជំនួបនេះធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នៅបន្ទប់ប្រជុំVIP សាលាខេត្តរតនគិរី។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តកន្ទូម ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ អញ្ជើញមកជូនពរឯកឧត្តមក្នុងឱកាសដែលប្រជាជនកម្ពុជា និយាយរួម និងនិយាយដោយឡែក ប្រជាជនខេត្តរតនគិរី នឹងរៀបចំទទួលអំណរឆ្នាំថ្មីខាងមុខ។ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងខេត្តរតនគិរី និងខេត្តកន្ទូម ដែលបានរួមគ្នាដោះស្រាយបញ្ហាជាច្រើនមានសេដ្ឋកិច្ច សង្គម និងការទប់ស្កាត់បទល្មើសនានា និងមានសមិទ្ធផលយ៉ាងច្រើនទៀត ដែលខេត្តទាំងពីរសម្រេចបានរួមគ្នា ជាពិសេសបានដាក់ចេញនូវវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធិភាព រហូតដល់រាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសឡើងវិញ សំដៅគាំទ្រដល់ដំណើរការសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តម ង្វៀង ហ៊ូថាប សមាជិកគណៈកម្មាធិការបក្ស និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយម វៀតណាម បានថ្លែងអំណរគុណ ឯកឧត្តមអភិបាលខេត្តរតនគិរី ដែលអនុញ្ញាតឱ្យគណៈប្រតិភូខេត្តកន្ទូម ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ឯកឧត្តម ង្វៀង ហ៊ូថាប បានជូនពរថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តរតនគិរី សូមទទួលបាននូវសិរីសួស្តីក្នុងឆ្នាំថ្មី និងមានសុខភាពល្អបរិបូណ៍។ ឯកឧត្តម ង្វៀង ហ៊ូថាប ក៏បានកោតសសើរផងដែរចំពោះវឌ្ឍនភាពខេត្តរតនគិរី ដែលវឌ្ឍនភាពនេះបានបង្ហាញអោយឃើញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរីយ៉ាងពិតប្រាកដ៕សម្រួលដោយ ទៀង បុណ្ណរី