លោកជំទាវអ៊ឹង កន្ថាផាវី អនុញ្ញាតឱ្យលោកស្រី Pauline Tamesis អ្នកតំណាងរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោកស្រី Pauline Tamesis អ្នកតំណាងរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងការឱកាសលោកស្រីបញ្ចប់បេសកកម្មការងារនៅប្រទេសកម្ពុជា នៅរសៀលថ្ងៃ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទទី០៤ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ។

លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់លោកស្រី Pauline ក្នុងបេសកកម្មរបស់ខ្លួននៅកម្ពុជា ៣ឆ្នាំកន្លងមក។ នៅក្នុងជំនួបនោះលោកជំទាវរដ្ឋមន្រ្តី និងលោកស្រីតំណាង អង្គការសហប្រជាជាតិបានលើកឡើង អំពីកិច្ចសហការ និងភាពជាដៃគូល្អ រវាងក្រសួងកិច្ចការនារី ជាមួយនឹងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលមានដូចជា UNDP, UN Women, UNFPA, UNICEF,UNIDO ជាដើម ក្នុងការចូលរួមលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនៅកម្ពុជា។

លោកស្រី Pauline ក៏បានគូសបញ្ជាក់អំពី លទ្ធភាពការងារកន្លងមករបស់ក្រសួងកិច្ចការនារី ក្នុងការធ្វើឱ្យមានឥទ្ធិពល ក្នុងក្របខ័ណ្ឌគោលនយោបាយ ការងារយន្តការបញ្ជ្រាបយេនឌ័រនៅតាមវិស័យ និងនៅក្នុងកម្មវិធីកំណែទម្រង់នានា ។

កិច្ចពិភាក្សាក៏បានគូសបញ្ជាក់ អំពីកិច្ចការអាទិភាព រួមគ្នាបន្ថែមទៀត ក្នុងភាពជាដៃគូរវាងក្រសួង និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ជាពិសេសលើការពង្រីកវិសាលភាព និងអនុភាពរបស់ក្រសួងកិច្ចការនារី នៅក្នុងក្របខ័ណ្ឌ និងវិធានការគោលនយោបាយស្តារសេដ្ឋកិច្ច និងសង្គម ក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជា ក្នុងគន្លងនៃការរស់នៅតាមបែបគន្លងថ្មី៕សម្រួលដោយ ទៀង បុណ្ណរី


 

 

អត្ថបទដែលជាប់ទាក់ទង