សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តូរផ្តាច់ រក្សាសុខសន្តិភាពនៅកម្ពុជាឱ្យបានគង់វង្ស និង បានព្រមានមិនអត់ឱន និងចាត់វិធានការយ៉ាងតឹងរុឹងបំផុត ចំពោះបុគ្គលណាដែលមានចេតនាចង់បំផ្លិចបំផ្លាញសុខសន្តិភាព ដែលប្រទេសកម្ពុជាកំពុងមានសព្វថ្ងៃនេះ
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ និងសមិទ្ធផលនៃការស្តារកែលម្អដងស្ទឹង សៀមរាប នៅក្រុងសៀមរាបនាថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ក្រោមនយោបាយឈ្នះឈ្នះ បានធ្វើឱ្យប្រទេសជាតិ មានឯកភាពជាតិ ឯកភាពទឹកដី ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ព្រោះសន្តិភាពរកបានដោយលំបាកណាស់ ដោយយកជីវិតទៅប្តូរ ទើបអាចរកសន្តិភាព រហូតមានការរីកចម្រើនជាបន្តបន្ទាប់។ តាមរយៈនេះ សម្តេចតេជោ បានអំពាវនាវដល់បងប្អូនជនរួមជាតិ ត្រូវថែរក្សាការពារសន្តិភាព ដែលកំពុងមានសព្វថ្ងៃ កុំចាំដល់ពេលមានសង្រ្គាម ទើបស្រែករកសន្តិភាព ដូចករណីប្រទេសអ៊ុយក្រែនជាដើម ខណៈសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន កំពុងបន្តអូសបន្លាយ។ សម្តេចតេជោ ក៏បានថ្លែងអំណរព្រះរាជគុណចំពោះព្រះករុណាព្រះបាទសម្ដេចព្រះបរមរតនកោដ្ឋ និងអរគុណប្រជាពលរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានគាំទ្រសម្តេច ឱ្យដឹកនាំ ប្រទេស ចេញពីភ្លើងសង្គ្រាម។ សម្តេចតេជោ បន្ថែមទៀតថា បើគ្មានសន្តិភាព កុំនិយាយដល់ការអភិវឌ្ឍន៍ ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
សម្តេចតេជោបានសង្កត់ធ្ងន់ថា បុគ្គលដែលមកពីគណបក្សនយោបាយណាក៏ដោយ អាចថែរក្សានូវសុខសន្តិភាពបានដូចគ្នា ប៉ុន្តែបើបុគ្គលណាដែលប្រាថ្នាចង់បំផ្លិចបំផ្លាញនូវសុខសន្តិភាព គឺមិនបាននោះឡើយ មិនថាអ្នកឯងមកពីណាទេ គឺត្រូវតែ កម្ទេចចោលភ្លាមៗតែម្តង។
តាមរយៈសន្តិភាពនោះ បានផ្តល់លទ្ធភាពឱ្យយើងមានលទ្ធភាពកសាងផ្លូវ កសាងអ្វីៗដែលជាតម្រូវការរបស់យើង តាមដំណាក់កាលមួយៗ។ ប្រជាពលរដ្ឋរបស់យើងដែលចាប់ផ្តើមពីភាពស្គមស្គាំងក្រោយសម័យប៉ុលពត ឬកើតក្នុងសម័យ សង្គ្រាមបន្ត ឥឡូវនេះ មានលទ្ធភាពកាន់តែច្រើន ដើម្បីក្លាយទៅជាធនធានមនុស្សដ៏ល្អសម្រាប់ប្រទេសជាតិរបស់យើង។ ដូច្នេះខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា ជាមួយនឹងអ្វីដែលបានធ្វើនៅក្នុងប្រទេស សម្រាប់ពេលខាងមុខនេះបងប្អូនជនរួមជាតិ បើទោះបីចេញពីបក្សណាក៏ដោយ ក៏ត្រូវតែការពារសន្តិភាព អ្នកដែលបំផ្លាញសន្តិភាព មិនត្រូវទទួលបានការអត់ឱនណាមួយ នោះទេ ព្រោះនៅពេលដែលសន្តិភាពត្រូវបានបំផ្លាញទៅហើយ មនុស្សច្រើនណាស់ត្រូវស្លាប់ ដូច្នេះយើងកុំញញើតជាមួយនឹង ការបំផ្លាញចោលក្រុមដែលបំផ្លាញសន្តិភាព ដើម្បីការពារជីវិតប្រជាជនរាប់លាននាក់ ដូច្នេះយើងត្រូវតែហ៊ានប្ដូរផ្ដាច់ជាមួយនឹង ការបំផ្លាញសន្តិភាព ហើយនេះមិនមែនព្រមានចំពោះនរណានោះទេ ក៏ប៉ុន្តែដើម្បីសេចក្ដីត្រូវការនៃសន្តិភាពសម្រាប់ប្រទេស គឺអ្នកដែលប៉ុនប៉ងបំផ្លាញសន្តិភាព មិនត្រូវទទួលបានការអត់ឱននោះឡើយ៕សម្រួលដោយ ទៀង បុណ្ណរី