ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែបន្តយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជនគ្រប់រូបជាប្រចាំ

ខេត្តបន្ទាយមានជ័យ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២–

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីមអនុ ប្រធាន និងជាអគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា ក្រោមការដឹក នាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធ ជនកម្ពុជា តែងតែបន្តយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជនគ្រប់រូបជាប្រចាំ ដូចជាការផ្តល់ដី សម្បទានសង្គមកិច្ច ការសាងសង់ផ្ទះ ការផ្តល់របបសន្តិសុខសង្គម ជាពិសេសការពិនិត្យសុខ ភាពដោយឥតគិតថ្លៃ និងការទទួលប្រាក់សោធននិវត្តន៍ ជារៀងរាល់ខែ។

ការថ្លែងបែបនេះ របស់ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម នៅក្នុងឱកាសជួបសំណេះ សំណាល និងសួរសុខទុក្ខជាមួយសមាជិកអតីតយុទ្ធជន ជាជនពិការប្រភេទ(ក១) និង ប្រភេទ(ក២)ចំនួន ៤៤២នាក់ នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំធំស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជន ជាពិសេសបានផ្តាំផ្ញើដល់អតីតយុទ្ធជនទាំងអស់ បន្តអនុវត្តវិធាន ការសុខាភិបាល ក៏ដូចរាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន និងការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានក៏ថ្លែងអំណរគុណដល់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃ គណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយ មានជ័យ ដែលតែងយកចិត្តទុកដាក់ ជួយឧបត្ថម្ភថវិកាគ្រឿងបរិភោគ ព្រមទាំងសម្ភារប្រើ ប្រាស់ដល់អតីតយុទ្ធជ ដែលមានជីវភាពក្រីក្រ ជាពិសេសបានចុះប្រគល់ ថវិកាបេឡា មរណៈសង្គ្រោះជូនដល់គ្រួសារសព សមាជិកសមាគមបានទាន់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានស្នើដល់សមាគមអតីតយុទ្ធជន ខេត្ត ត្រូវបន្តពិនិត្យស្ថានភាពរស់នៅរបស់អតីតយុទ្ធជន ខណៈដែលថ្មីៗនេះអាជ្ញាធរខេត្ត បាន ប្រគល់បង្គ្រប់ផ្ទះ និងដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជន ដែលបានរួមចំណែកធ្វើឱ្យជីវ ភាពរស់នៅរបស់ពួកគាត់ កាន់តែមានភាពប្រសើរជាងមុន។

នាឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនអតីតយុទ្ធជនពិការ ក១ និងក២ ចំនួន៤៤២នាក់ ដោយ ក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី៦ដប និងថវិកា១០ម៉ឺនរៀល និង នាយប៉ុស្តិ៍រដ្ឋបាល ទាំង៦៥ឃុំ សង្កាត់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង