រដ្ឋបាលខេត្តកណ្តាល ៖ គណៈកម្មាការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្តផែនការ កិច្ចការពារកុមារថ្នាក់ខេត្ត ផ្តោតលើការថែទាំជំនួស និងអំពើហិង្សាលើកុមារ

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្តផែនការ កិច្ចការពារកុមារថ្នាក់ខេត្ត ផ្តោតលើការថែទាំជំនួស និងអំពើហិង្សាលើកុមារ ត្រីមាសទី១ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ លោកជំទាវ នួន នារតី ប្រធានគណៈកម្មាការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានជំរុញ និងលើកទឹកចិត្តដល់សមាជិកក្នុងអង្គប្រជុំទាំងអស់ សូមជួយកែលម្អ និងបំពេញបន្ថែមលើចំណុចដែលខ្វះខាត និងពិភាក្សាពិគ្រោះយោបល់ ជាមួយគ្នាក្នុងការលើកផែនការអនុវត្តបន្ត ផ្អែកលើសូចនាករដែលបានកំណត់ក្នុងផែនការ សំដៅដោះស្រាយបញ្ហាប្រឈមនានា ឈានទៅសំរេចបានតាមផែនការដែលបានកំណត់។
លោកជំទាវបានរំលឹកឡើងវិញថា ផែនការកិច្ចការពារកុមារថ្នាក់ខេត្ត គឺផ្តោតសំខាន់លើការថែទាំជំនួស និងអំពើហឹង្សាលើកុមារ ដែលកិច្ចការទាំងអស់នេះត្រូវបានធ្វើការពិភាក្សាពិគ្រោះយោបល់គ្នា យ៉ាងសកម្មរវាងអ្នកពាក់ព័ន្ធ ក្នុងការទទួលខុសរួមមាន៖ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត អង្គការជាដៃគូនានាមានអង្គការ Save The Children ក្នុងគម្រោង FCF/Reaet អង្គការ (3PC) និងអង្គការមួយចំនួនទៀតក្រោមការដឹកនាំបច្ចេកទេស នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងដឹកនាំប្រតិបត្តិការ នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដោយមានការសម្របសម្រួលពីគណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្រ្តី និងកុមារខេត្ត និងអង្គការ UNICEF។
លោកជំទាវបានបញ្ជាក់ថា គណៈកម្មាការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត (គ.ក.ស.ក) គឺមានភារកិច្ចសំខាន់ណាស់ ក្នុងការសម្របសម្រួល សហការ និងជំរុញដល់ការអនុវត្តផែនការ នៃការថែទាំជំនួស និងអំពើហិង្សាលើកុមារ ដែល ផ្តោតលើការធ្វើសមាហរណកម្មកុមារចំនួន ៣០%ពីមណ្ឌលថែទាំកុមារ ឱ្យទៅរស់នៅក្នុងគ្រួសារ និងសហគមន៍វិញ និងផែនការកិច្ចការពារកុមារថ្នាក់ខេត្តផ្តោតលើការថែទាំជំនួស និង អំពើហឹង្សាលើកុមារ បើទោះបីជាបញ្ហាកូវីដ-១៩ ធ្វើឱ្យមានការរាំងស្ទះក្នុងការអនុវត្តក៏ដោយ ក៏ (គ.ក.ស.ក) ខេត្ត បានខិតខំបំពេញនូវមុខងារ និងតួនាទីភារកិច្ចរបស់ខ្លួន សម្រេចបានសមិទ្ធផលជាច្រើនផងដែរ។
បើយោង តាមរបាយការណ៍ ស្ដីពីលទ្ធផល នៃការអនុវត្តផែនការកិច្ចការពារកុមារផ្ដោតលើការថែទាំជំនួស និងអំពើហិង្សាលើកុមារប្រចាំត្រីមាសទី១ ឆ្នាំ២០២២៖ (គ.ក.ស.ក) ខេត្ត សហការជាមួយមន្ទីរពាក់ព័ន្ធ និងអង្គការដៃគូនានា បានចុះពិនិត្យស្ថានភាពរស់នៅ និងផ្ដល់កញ្ចប់សេវាគាំទ្រដល់កុមារដែលបានធ្វើសមាហរណកម្ម ពីមណ្ឌលថែទាំកុមារ ទៅរស់នៅជាមួយគ្រួសារ និងសហគមន៍វិញបានចំនួន ១៥គ្រួសារ មានកុមារ ៤៩នាក់ ស្រី ២០នាក់ ដែលបានឧបត្ថម្ភមួយគ្រួសារអង្ករ ៣០ គីឡូ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ សម្ភារៈសិក្សាមួយឈុត ម៉ាស១ប្រអប់ ថវិកា ១០ ម៉ឺនរៀល ឧបត្ថម្ភកង់ ១គ្រឿង ជូនកុមារីម្នាក់រស់នៅក្នុងឃុំពេីក ស្រុកអង្គស្នួល សម្រាប់ជាមធ្យោបាយទៅសាលារៀន។
បានផ្ដល់ការប្រឹក្សាយោបល់ និងការគាំទ្រស្បៀងអាហារ ដល់កុមារកំព្រារស់នៅជាមួយជីដូនជីតាចាស់ជរា គ្រួសារក្រីក្រមានកូនក្នុងបន្ទុកច្រើន គ្រួសារមានពិការភាព កុមាររងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ កុមាររងគ្រោះដោយការរំលោភសេពសន្ទវៈ ស្ត្រីក្រីក្រឆ្លងទន្លេនៅមន្ទីរពេទ្យ ស្ត្រីមានវិជ្ជមានកូវី-១៩ ស្លាប់ពេលសម្រាលកូន សរុបចំនួន ២០គ្រួសារ ស្មើនឹង ៦២នាក់ ស្រី ៣៤នាក់ ក្នុងនោះមានកុមារ ២៣នាក់ ស្រី ១៥នាក់ ដោយបានឧបត្ថម្ភក្នុង១គ្រួសារនូវ អង្ករ ២៥គីឡូ មី ១កេស ត្រីខ ១យួរទឹកត្រី ១យួរ ម៉ាស១ប្រអប់ និងថវិកា ៥ម៉ឺនរៀល។
បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីបណ្ដាញកិច្ចការកុមារ ឃុំ-សង្កាត់ ដល់មន្ត្រីសេវាសង្គមកិច្ចថ្នាក់ស្រុក និងអ្នកពាក់ព័ន្ធថ្នាក់ ឃុំ-សង្កាត់ នៅស្រុកលើកដែក ស្រុកពញាឮ មានអ្នកចូលរួមសរុប ៤៨នាក់។ បានឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ បានចំនួន ៥១០នាក់ ក្នុងនោះស្ត្រីចំនួន ៣៧១នាក់ និងកុមារ ១៣៩នាក់។ បានប្រឹក្សាជាមួយកុមាររងគ្រោះមានផ្ទុកជំងឺកូវីត-១៩ នឹងជាសះស្បើយចំនួន ៧៩នាក់ ស្រី ៤២នាក់ និងចុះបើកការគ្រប់គ្រងករណីកុមាររងគ្រោះដោយអំពើហិង្សា នៅក្រុងតាខ្មៅចំនួន ៣នាក់ និងផ្ដល់កញ្ចប់ស្បៀងដល់កុមារសរុបចំនួន ៨២នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ២០ គីឡូ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ម៉ាស១ប្រអប់ និងថវិកា ៥ម៉ឺនរៀល៕សម្រួលដោយ ទៀង បុណ្ណរី
អត្ថបទដែលជាប់ទាក់ទង