លោកជំទាវ ហ៊ឹង ណារី វ៉ា ថន ទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១
ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃចន្ទ ០៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ហ៊ឹង ណារី ភរិយាឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលក្រចេះបានអញ្ជើញចូលរួមក្នុងយុទ្ធការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់ដូសលើកដំបូងនៅមន្ទីរមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
សូមជម្រាបផងដែរថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជាបន្តយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិនបន្តទៀតជូនថ្នាក់ដឹកនាំ និងគ្រប់ស្ថាប័ន អង្គភាពទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីអាយុ១៨ឆ្នាំ ដល់៥៩ឆ្នាំ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត គឺគ្មានការបង្ខិតបង្ខំឡើយ។
គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងនេះផងដែរ គឺមានចំនួន៥ទីតាំងធំៗរួមមាន ៖ មន្ទីរពេទ្យកាល់ ម៉ែត, មន្ទីរពេទ្យមិត្តខ្មែរ-សូវៀត, មន្ទីរព្រះអង្គដួង, មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកេតុមាលា៕