សម្ដេចតេជោបញ្ជាក់ថា កម្ពុជានិងអ.ស .បមានចំនុចរួមគ្នាគឺការជួយស្វែងរកជូនប្រជាជនមីយ៉ាន់ម៉ា នូវសន្តិភាព ស្ថិរភាពនិងការរីកចម្រើន
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ានឆ្នាំ ២០២២ បាន
មានប្រសាសន៍ថា កម្ពុជានិងអង្គការសហ ប្រជាជាតិ(អ.ស.ប)មានចំនុចរួមគ្នា គឺការជួយស្វែងរកជូនប្រជាជនមីយ៉ាន់ម៉ា នូវសន្តិភាព ស្ថិរភាពនិងការរីកចម្រើន។
សម្ដេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យលោក ជំទាវបណ្ឌិត ណូលីន ហៃហ្ស៊ើ ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហ ប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា នៅវិមានសន្តិភាព នារសៀលថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២២នេះ។
ឯកឧត្តមអ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែន បានប្រាប់អ្នក សារព័ត៌មានក្រោយបញ្ចប់ជំនួបឲ្យដឹងថា នៅក្នុងជំនួបលោកជំទាវ ណូលីន បានគោរពសំដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ ដែលបានទទួលមេដាយសន្តិភាព នៅប្រទេសកូរ៉េ កន្លងមក និង សំដែងការអបអរសាទរផងដែរ ដែលថ្មីៗនេះ កងទ័ពរក្សាសន្តិភាពកម្ពុជាទទួលបានមេដាយ អង្គការសហប្រជាជាតិ ។
លោកជំទាវ ណូលីន បានគោរពជំរាបសម្តេចតេជោនូវកិច្ចការដែលលោកជំទាវ បានធ្វើបីខែកន្លងមក ក្នុងនាមជាប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហ ប្រជាជាតិ ដែលជារួមមាន ការពិចារណា ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា តាមរយៈ បង្កើតក្របខណ្ឌពហុច្រក ឈរលើមូលដ្ឋានទស្សនទានរង្វង់ ៣ ស្រទាប់ ,ស្រទាប់ទី ១ នៅកណ្ដាលរង្វង់ គឺដំណើរការរកដំណោះ ស្រាយ ដែលដឹកនាំដោយមីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា ដែលឆ្លុះបញ្ចាំង ពីឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា ។
ស្រទាប់ទី២ គឺដំណើរការដឹកនាំដោយ សហគមន៍ តំបន់ដែលមានអាស៊ាន និងបណ្ដាប្រទេសជាប់ព្រំដែនមីយ៉ាន់ម៉ាទាំង អស់ចូលរួម និងស្រទាប់ទី ៣ ស្រទាប់ខាងក្រៅបង្អស់ គឺសហគមន៍អន្តរជាតិ ដែលភាគច្រើនជាប្រទេសលោកខាងលិច ។
លោកជំទាវណូលីន បានមានប្រសាសន៍បន្ថែមថា ក្របខ័ណ្ឌនេះមិនខុសពីការព្រម ព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ានទេ គឺ១. ផ្ដោតការខិតខំទៅលើមួយជំនួយមនុស្សធម៌ , ២ ការការពារប្រជាជននិង ៣ វិលទៅរកការគ្រប់គ្រងស៊ីវិលដែលជាការ ចាំបាច់ត្រូវមានការកសាងទំនុកចិត្ត ។
ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែង អំណរគុណ ជូនលោកជំទាវ ណូលីន ដែលបានសំដែងនូវការអបអរសាទរ ចំពោះការទទួលមេដាយសន្តិភាព និងកងរក្សាសន្តិ ភាពកម្ពុជាទទួលបានមេដាយ អង្គការ សហប្រជាជាតិ ។
សម្ដេចតេជោ បានថ្លែងអំណរគុណ លោកជំទាវណូលីន ដែលបានលើកឡើងអំពី ករណីមីយ៉ាន់ម៉ា។ សម្ដេចតេជោ បានមាន ប្រសាសន៍ថា យើងមានចំនុចរួមគ្នានោះគឺជួយស្វែងរកជូនប្រជាជនមីយ៉ាន់ម៉ា នូវសន្តិភាព ស្ថិរភាពនិងការរីកចម្រើន ហើយអ្វី ដែលត្រូវធ្វើជាមិនទាន់នោះ គឺបញ្ឈប់អំពើហិង្សា , នាំអំណោយមនុស្សធម៌ជូនដល់ប្រជាជនទាំងអស់ ដែលកំពុងត្រូវការ និងបង្កលក្ខណៈ ជឿទុកចិត្តគ្នាដោះស្រាយបញ្ហា ជាពិសេស តាមរយៈការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច របស់អាស៊ាន ៕សម្រួលដោយ ទៀង បុណ្ណរី