អភិបាលខេត្តកណ្ដាល ចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅស្រុកស្អាង
ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរពាក់ព័ន្ធ កងកម្លាំង និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានមានប្រសាសន៍ថា ស្រុកស្អាងនៅចុងឆ្នាំ២០២២ ខាងមុខនេះ នឹងទទួលបានមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដំបូងបំផុតនៅក្នុងភូមិសាស្រ្តស្រុកស្អាង ក៏ដូចជាក្នុងខេត្តកណ្ដាលផងដែរ។
ឯកឧត្តមអភិបាលខេត្ត បន្តថា មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ គឺជាសំណង់ប្រវត្តិសាស្ត្រមួយ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល ពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកស្អាង ដែលត្រូវបានសាងសង់លើផ្ទៃដី ១០ ហិកតា មាន ២១អគារ រួមមានអាគារសិក្សាពហុជំនាញ អគារការិយាល័យរដ្ឋបាល អគាររោងជាង នៅសម្រាប់បុរស នារី អគារសម្រាប់បុគ្គលិក មន្ទីរពេទ្យ អាគារអប់រំផ្លូវចិត្ត រោងបាយ និងកន្លែងសម្រាប់ហាត់កីឡាផ្សេងៗទៀត ដែលអគារទាំងនេះត្រូវបានសាងសង់រួចរាល់ប្រមាណជាជាង ៧៥%ភាគរយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២២ ខាងមុខនេះ។
ឯកឧត្ដម បានគូសបញ្ជាក់បន្ថែមថា បន្ទាប់ពីបញ្ចប់ការសាងសង់រួច មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ អាចទទួលព្យាបាល និងអ្នកញៀនគ្រឿងញៀនបានប្រមាណជាង២ពាន់នាក់។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានជំរុញដល់ក្រុមការងារបច្ចេកទេសសាងសង់ ត្រូវសាងសង់ប្រកបដោយស្តង់ដារបច្ចេកទេស ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព ពិសេសត្រូវពន្លឿននូវការសាងសង់ ឱ្យបានរួចរាល់តាមការគ្រោងទុកផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី