អភិបាលខេត្ត ៖ កងកម្លាំងការពារព្រំដែនទាំងអស់ត្រូវអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល

TNM(ខេត្តរតនគិរី) ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី អមដំណើរដោយឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត, ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងលោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញចុះទៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដើម្បីជួបប្រជុំពិភាក្សាជាមួយសមត្ថកិច្ចជំនាញដាក់ចេញនូវវិធានការត្រួតពិនិត្យមើលកងកម្លាំងដែលកំពុងឈរជើងតាមព្រំដែនរវាងខេត្តរតនគិរី និងខេត្តយ៉ាឡាយ,ខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងពិនិត្យមើលកន្លែងធ្វើចក្តាឡីស័កក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលប្រទេសវៀតណាមកំពុងផ្ទុះជំងឺនេះឆ្លងចូលសហគមន៍គួរឲ្យព្រួយបារម្ភ។

នៅក្នុងឱកាសនេះឯកឧត្តម ថង សាវុន ដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាប្រធានគណៈកម្មាធិការទប់ស្កាត់ជំងឺ កូវីដ-១៩ខេត្ត បានធ្វើការណែនាំដល់មន្រ្តីនគបាល និងទាហ៊ានការពារព្រំដែនទាំងអស់ ត្រូវអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវបទបញ្ជាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមព្រំដែន ជាពិសេសរវាងព្រំដែនកម្ពុជា-វៀតណាម ដែលថ្មីៗនេះ ប្រទេសវៀតណាមកំពុងតែរងការរាតត្បាតដោយជំងឺកូវីដ-១៩ ក្នុងសហគមន៍បណ្ដាលឲ្យមានមនុស្សស្លាប់ និងមានអ្នកឆ្លងជាច្រើននាក់ ដោយសារជំងឺនេះ។

ឯកឧត្តមអភិបាលខេត្តបន្តថា នៅក្នុងអំឡុងបុណ្យចូលឆ្នាំចិន វៀតណាមនេះអាចនឹងមានភ្ញៀវទេសចរណ៍ ឬ ប្រជាពលរដ្ឋទាំងសងខាងឆ្លងកាត់បន្ទាត់ព្រំដែន ដែលបញ្ហានេះកម្លាំងឈរជើងនៅច្រកទ្ធារអន្តរជាតិអូរយ៉ាដាវឡេថាញ់ ក៏ដូចជាតាមច្រករបៀងនានា ជាពិសេសខាងវរៈការពារព្រំដែនទាំងនគរបាល និងយោធារួមនិងអាជ្ញាធរស្រុកជាប់ព្រំដែនត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងការលួច ធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋទាំងខ្មែរ និងវៀតណាមឲ្យបានដាច់ខាត។

ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ថា កងកម្លាំងទាំងនគរបាល និងយោធាត្រូវថែទាំសុខភាពខ្លួនឯងឲ្យបានល្អត្រូវប្រកាន់ខ្ជាប់នូវគោលការអនាម័យក្នុងការរស់នៅជាប្រចាំ ជាពិសេសត្រូវសហការជាមួយកងកម្លាំងភាគីវៀតណាម និងអាជ្ញាធរមូលដ្ឋានធ្វើការអប់រំ ណែនាំដល់ប្រជាពលរដ្ឋនៅក្នុង មូលដ្ឋានរៀងៗខ្លួន កុំឱ្យឆ្លងចូលទៅវិញទៅមកក្នុងកាលៈទេសៈនេះ។ ដោយឡែកចំពោះបុគ្គលិកក្រុមហ៊ុន វៀតណាមដែលបានទៅលេងស្រុកក្នុងពិធីបុណ្យចូលឆ្នាំរបស់ខ្លួនជាង៦០០នាក់ពេលត្រឡប់មកវិញ គឺត្រូវដាក់ឲ្យនៅធ្វើចត្តាឡីស័ក ជាដំណាក់នៅច្រកទ្វារដែលខេត្តបានរៀបចំមាន១០៤បន្ទប់ដោយមិនអនុញ្ញាតឲ្យចូលមកក្រុមហ៊ុនវិញដោយមិនបានធ្វើចត្តាឡីស័កនោះឡើយ។

ឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តបានផ្តល់ជូនកងកម្លាំងនូវសម្ភារៈមួយចំនួនរួមមាន ៖ ស្រោមដៃ ម៉ាស់ អាកុល និងថវិកាមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលឈរជើងការពារតាមចំណុចគោលដៅរៀងៗខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង