សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាជន ខណៈប្រទេសអ៊ីតាលី ប៉ូឡូញ និងអាម៉េរិក សន្យាផ្ដល់ជូនក្នុងឆ្នាំនេះ
ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាមានវ៉ាក់សាំងការ ជំងឺកូវីដ១៩គ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ខណៈប្រទេសអ៊ីតាលី ប៉ូឡូញ និងសហរដ្ឋអាមេរិកសន្យាផ្តល់ជូនក្នុងឆ្នាំនេះ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រយៈ ពេលបីខែ ដើមឆ្នាំនេះ បើប្រៀបធៀបបីខែដើមឆ្នាំ២០២១ ស្ថានភាពខុសគ្នា គឺមុនពេល យើងមានវ៉ាក់សាំង ចាក់យើងបានឃុំគ្រងប្រជាពលរដ្ឋដើម្បីកុំឱ្យប្រជាពលរដ្ឋឆ្លងកូវីដ១៩ស្លាប់ ពេលនោះយើងមានវិធានការច្រើនដូចជាការបិទខ្អប់ និងចែកជាតំបន់ក្រហម តំបន់លឿន ជាដើម។ សម្តេចតេជោបានបន្ដថា ទោះបីជាមានវិធានការក្តីក៏មានប្រជាជនយើងស្លាប់ជាង ៣ ០០០ នាក់ និងអ្នកឆ្លងជាង១៣ម៉ឺននាក់។ តែយើងបានជម្នះស្វែងរក វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដែលមកដល់ពេលនេះ វ៉ាក់សាំងបានចាក់ជូនប្រជាពលរដ្ឋបានជាង៩២ភាគរយរួចហើយ ដែលធ្វើឱ្យភាពស៊ាំនៅសហគមន៍បានល្អ។
សម្តេចតេជោបានអះអាងថា មិត្តចិនបានផ្តល់វ៉ាក់សាំងមកកម្ពុជាមានចំននច្រើន ហើយកាលពីពេល ថ្មីៗនេះប្រធានាធិបតីចិនបានប្រកាសផ្តល់វ៉ា់ក់សាំង២០លានដូស ដែលកាលពីថ្ងៃ២៩ ខែ មីនាកន្លងមក គឺចំនួន៥លានដូស បានមកដល់កម្ពុជាហើយ។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់បន្ថែមថា វ៉ាក់សាំងដែលយើង កំពុង ស្តុកចំនួន៦លានដូស ដែលបូកចូលគ្នាមានចំនួនប្រមាណ១២លានដូស ហើយនៅថ្ងៃ ទី០៦ ខែមេសាខាងមុខ បើគ្មានការប្រែប្រួលទេវ៉ាក់សាំង នឹងមកពីអ៊ីតាលីចំនួន១លានដូសទៀត បូកបន្ថែមវ៉ាក់សាំងពីប្រទេសប៉ូឡូញ១លានដូស ហើយសហរដ្ឋអាមេរិកបានសន្យាឱ្យមកកម្ពុជាក្នុងឆ្នាំនេះដែលអាចមកខែមេសា និងឧសភានេះ។
សម្តេចតេជោបានបន្ថែមថា “អីចឹងយើងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការពារប្រជាពលរដ្ឋយើងតាមរយៈដូចចាក់ដូសជំរុញទី៣ ឬទី៤។ ម្សិលមិញយើងមានអ្នកឆ្លង៣៣នាក់ ហើយអត់មាន មានអ្នកស្លាប់ទេ ថ្ងៃនេះមានអ្នកឆ្លង៤០នាក់ តែអ្នកស្លាប់មិនទាន់ដឹងទេ ដោយសារធម្មតាប្រកាសនៅក្រោយម៉ោង៩ ឬម៉ោង១០ ព្រឹក”។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមានការថយចុះខ្លាំងដែលខេត្តខ្លះអត់មានអ្នកឆ្លងនោះទេ។ សម្ដេចតេជោបានថ្លែងបន្ថែមទៀតថា “ខ្ញុំតាមមើលរបាយការណ៍ឆ្លងដោយការពិនិត្យតាមម៉ាស៊ីន PCR និងតេស្តរហ័សគឺអត់មានអ្នកឆ្លង ដែលកាលពីមុនក្នុងចំណោមអ្នកទៅធ្វើតេស្ត២០នាក់ អាចមានអ្នកឆ្លង៣នាក់ ឬ៥នាក់ ក្រោយផ្ទុះអូមីក្រុង”៕សម្រួលដោយ ទៀង បុណ្ណរី