លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តដឹកនាំកម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសនេសាទក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត កំពង់ឆ្នាំងប្រធានក្រុមដឹកនាំបង្រ្កាបបទល្មើសនេសាទនៅក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០២២ បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង ក្នុងប្រតិបត្តិការនេះ មានការចូលរួមពីឯកឧត្តម អិត សុទ្ធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ។
លោក ស្រ៊ន សំឫទ្ធី អភិបាល រងខេត្ត បានបញ្ជាក់ថាយុទ្ធនា ការបង្ក្រាបបទល្មើសនេសាទនេះ សមត្ថកិច្ចចំរុះនឹងបន្តធ្វើ ការរហូតលុះអស់បទល្មើសនេសាទនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ជាពិសេសគឺការបង្ក្រាបជនល្មើសជាឈ្មួញធំៗ ដែលជាមេខ្លោងប្រព្រឹត្តបទ ល្មើសនេសាទ ។
លោក អភិបាលរងខេត្ត បានធ្វើការស្នើដល់អាជ្ញាធរមូល ដ្ឋានទាំងអស់បង្កើនការយក ចិត្តទុកដាក់តាមដាន នូវគ្រប់ កន្លែងទាំងអស់តាមដងទន្លេក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង បើរកឃើញកើតឡើងបទល្មើសនេសាទ ត្រូវចាត់វិធានការប្រើប្រាស់កម្លាំងសរុបបង្រ្កាបជាក់ស្តែងតែម្ដង ដោយមិនអនុញ្ញាតឱ្យមានបទល្មើសនេសាទគ្រប់ប្រភេទនៅតាមដងទន្លេក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំងតទៅទៀតនោះទេ ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ធ្វើសកម្ម ភាពបទល្មើសនេសាទតទៅដែលប្រឈមនឹងការអនុវត្តផ្លូវច្បាប់ ហើយបង្កឱ្យប៉ះ ពាល់ដល់ធនធានជលផលផលផងដែរ ។
គួរបញ្ជាក់ថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលដាក់បទបញ្ជាឱ្យបណ្តាខេត្តជុំវិញបឹងទន្លេ សាប បង្រ្កាបបទលើ្មសនេសាទដែលកើតឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះរួច មក រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនៅគ្រប់ភូមិសាស្ត្រនៅតាមដងទន្លេ ដោយធ្វើការដកហូតនូវឧបករណ៍បទ ល្មើសនេសាទ មានរបាំងសាច់អួន បង្គោល របាំងស្បៃមុង និង រុះរើសម្រាស់ និង ចាក់លែងត្រីជាច្រើនផងដែរ ៕