សម្តេចក្រឡាហោម ស ខេង ណែនាំដល់ក្រសួង-ស្ថាប័នទាំងអស់ ឱ្យគ្រប់គ្រងមន្ត្រីរបស់ខ្លួន កុំឱ្យប៉ះពាល់គ្រឿងញៀន បើមិនដូច្នេះទេ ប្រធានអង្គភាពនោះក៏រួមចំណែកក្នុងការទទួលខុសត្រូវ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាន ណែនាំដល់ក្រសួងស្ថាប័នទាំងអស់ឱ្យប្រឹងប្រែងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយចាត់ទុកការងារនេះជាលក្ខណៈសម្បត្តិមួយអាទិភាពករណីមានមន្ត្រីប្រើប្រាស់គ្រឿងញៀន ប្រធានអង្គភាពក៏រួមចំណែកទទួលខុសត្រូវ ក៏ដូចជាការដាក់ពិន័យជាដើម។ សម្តេចក្រឡាហោម មានប្រសាសន៍ណែនាបែបនេះ នាឱកាសអញ្ជើញជាអធីបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។
ក្នុងឱកាសនោះដែរសម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា ប្រសិនជាក្នុងវិស័យការពារជាតិ កងទ័ព កងពល វិរៈសេនាតូច វិរៈសេនាធំ រហូតដល់អនុសេនាតូច អនុសេនាធំឡើងទៅ បើពួកគាត់គ្រប់គ្រងខ្លួនមិនបាន ហើយប៉ះពាល់គ្រឿងញៀនមានន័យថាគាត់ប្រយុទ្ធប្រឆាំងគ្រឿងញៀនមិនបានជោគជ័យនោះទេ។ ទន្ទឹមនឹងនេះ ក្រសួងសំខាន់ៗក៏ដូចគ្នាផងដែរ គឺចាប់តាំងពីការិយាល័យ រហូតដល់នាយកដ្ឋាន អគ្គនាយកដ្ឋាន និងក្របខណ្ឌក្រសួងទាំងមូលត្រូវប្រឹងប្រែងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយចាត់ទុកការងារនេះជាលក្ខណៈសម្បត្តិមួយ ករណីមានមន្ត្រីប្រើប្រាស់គ្រឿងញៀនប្រធានអង្គភាពក៏រួមចំណែកទទួលខុសត្រូវ ក៏ដូចជាការដាក់ពិន័យ។
សម្តេចក្រឡាហោម បានណែនាំបន្ថែមទៀតថា ក្រសួង-ស្ថាប័ន អង្គភាព ជាសមាជិករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឬមិនមែនជាសមាជិក ជាពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវបន្តអនុវត្តសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យជំនាញរបស់ខ្លួនស្របតាមផែនការ និងគោលនយោបាយយុទ្ធសាស្ត្រ និងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ របស់រាជរដ្ឋាភិបាល។ ក្នុងនោះស្ថាប័ន អង្គភាព ទោះបីជាសមាជិករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឬមិនមែនជាសមាជិក ក៏ដូចជាវិស័យដទៃទៀតត្រូវការពារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការពារបុគ្គលិកមន្ត្រីរាជការរបស់ខ្លួន ក្នុងអង្គភាពឱ្យបានល្អប្រសើរ គឺប្រៀបបាននឹងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងក្របខណ្ឌទូទាំងប្រទេសដែរ។
នាឱកាសនោះដែរសម្តេចក្រឡាហោម ស ខេង បន្តលើកទឹកចិត្តឱ្យធ្វើការផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន ឱ្យបានផុលផុស និងគ្រប់គោលដៅ ជាពិសេសនៅតាមបណ្តាញផ្សព្វផ្សាយព័ត៌មាន សិល្បករ សិល្បការិនី តាមបណ្តាញទំនាក់ទំនងសង្គម ត្រូវបង្ហាញឱ្យបានច្រើនដល់យុជនអំពីហានិភ័យ នៃផលប៉ះពាល់របស់គ្រឿងញៀនទៅលើសុខភាព ដែលជាគន្លឹះមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន៕សម្រួលដោយ ទៀង បុណ្ណរី
អត្ថបទដែលជាប់ទាក់ទង