អភិបាលខេត្តតាកែវ នាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៣៤គ្រួសារនៅឃុំចំនួន៥ ក្នុងស្រុកសំរោង
តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមជាមួយលោក កេត ម៉ៅ អភិបាលស្រុកសំរោង និងមន្រ្តីសាខាខេត្ត ស្រុក នៅរសៀលថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាមកជូនបងប្អូនប្រជាពលរដ្ឋចំនួន៣៤ គ្រួសារ ក្នុងនោះរលំទាំងស្រុង០៩ ខ្នង ខូតខាតមធ្យម១០ខ្នង ដែលបានរងគ្រោះដោយ ខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២២ ក្នុងឃុំចំនួន៥ ស្រុកសំរោង។
ក្នុងឱកាសនោះឯកឧត្តម អ៊ូច ភាអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត បានពាំនាំមតិផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ឯកឧត្តម អ៊ូច ភា ក៏បានក្រើនរំលឹកបន្ថែមទៀតទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះគ្រោះធម្មជាតិខ្យល់កន្រ្តាក់នេះ ដោយភ្លៀងធ្លាក់ខ្យល់ខ្លាំង សូមកុំចេញក្រៅផ្ទះឱ្យសោះដើម្បីសុវត្ថិភាពរបស់បងប្អូន ជាពិសេសក៏ត្រូវតែឆ្លៀតមើលព័ត៌មានអំពីអាកាធាតុដើម្បីត្រៀមខ្លួនការពារកុំឱ្យមានគ្រោះថ្នាក់កើតមានឡើងជាយថាហេតុ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវទៅដល់បងប្អូនសូមពុំទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសជំរុញ សូមអញ្ជើញទៅចាក់ដូសជំរុញនេះឱ្យបានគ្រប់ៗគ្នា ដើម្បីប្រទេសជាតិរបស់យើងយកឈ្នះនូវជំងឺកូវីដ១៩នេះ ហើយទន្ទឹមនឹងការចាក់វ៉ាក់សាំងនេះ សូមបងប្អូនចូលរួមអនុវត្តឱ្យបានត្រឹមត្រូវចំពោះវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្ត៣កុំ៣ការពារឱ្យបានខ្ជាប់ខ្ជួនអំណោយដែលបានផ្ដល់ជូនក្នុង១គ្រួសារៗរួមមាន÷ អង្ករ២៥ គីឡូក្រាម តង់ធំ១ កន្ទេល១ មុង១ ភួយ១ ក្រមារ១ សារុង១ អាវយឺត៥ ជែលលាងដៃ៤ដប និងអាល់កុល១ដប ជាអំណោយរបស់ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា។ ដោយឡែក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានឧបត្ថម្ភថវិកាដល់ គ្រួសារដែលរលំទាំងស្រុងក្នុង១គ្រួសារៗទទួលបាន ២០០.០០០រៀល គ្រួសារប៉ះព៉ាល់មធ្យម ១០០.០០០រៀល និងគ្រួសារប៉ះពាល់កម្រិតស្រាលឧបត្ថម្ភចំនួន ៥០.០០០រៀល ផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី