សម្តេចតេជោនាយករដ្ឋមន្ត្រី កោតសរសើរពន្ធដារខិតខំប្រមូលពន្ធជូនរដ្ឋលើសផែនការកំណត់ចាក់ទុកជាកំណត់ត្រាប្រវត្តិសាស្ត្រ

ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២–

បន្ទាប់ពីឃើញរបាយការណ៍ពីការប្រមូលពន្ធសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋ លើសផែនការកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ មានចំនួន ១២៤,០២ភាគរយ នៃផែនការប្រចាំឆ្នាំ។

តាមរយៈលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្ញើជូនឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ការចេញផ្សាយកាលពីពេលថ្មីៗកន្លងមកនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះឯកឧត្ត ម គង់ វិបុល និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញបេសក កម្មយ៉ាងជោគជ័យ ដោយបានប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋ បានលើសផែនការដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចំនួន ១២៤,០២ភាគរយ នៃផែនការប្រចាំឆ្នាំ »។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ដថា « ការសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរនេះ ជាកំណត់ត្រាប្រវត្តិសាស្ត្រ នៃការប្រមូលចំណូលពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារ សម្រេចបាន លើសផែនការរហូតដល់ ២៤,០២ភាគរយ ស្មើនឹង ២ ១៨២,៣៧ប៊ីលានរៀល ប្រមាណជា ៥៣៨,៨៥លានដុល្លារអាម៉េរិក»។ ជាមួយគ្នានោះដែរសម្ដេចតេជោ បញ្ជាក់ថា សមិទ្ធផលដ៏ប្រពៃនេះ គឺផ្តើមចេញពីការប្រកាន់យកជំហរប្រសិទ្ធភាព នៃការដឹកនាំប្រកាន់យកនូវគោលការណ៍អភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ ព្រមទាំងការខិតខំប្រឹងប្រែងប្តេជ្ញាចិត្តខ្ពស់ ប្រកប ដោយឆន្ទៈមោះមុត និងស្មារតីបុរេសកម្មរបស់ឯកឧត្តម គង់ វិបុល ក្នុងឋានៈជាអ្នកដឹកនាំអគ្គនាយកដ្ឋានពន្ធដារ។

សម្ដេចតេជោ បន្ថែមថា ពិតណាស់ចំណូលពន្ធដារផ្ទៃក្នុង ដែលអគ្គនាយកដ្ឋានពន្ធដារ បានប្រមូលលើសផែនការខាងលើ ពិតជាឆ្លុះបញ្ចាំងពីភាពខ្លាំងក្លា នៃសេដ្ឋកិច្ចជាតិ បើទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាក ដែលកម្ពុជាបាននិងកំពុងជួបប្រទះ នូវវិបត្តិនៃការរីករាលដាល ជំងឺកូវីដ-១៩ក្តី ព្រមទាំងសបញ្ជាក់យ៉ាងច្បាស់ ពីភាពរឹងមាំនៃឯករាជ្យភាព និងអធិបតេយ្យភាពជាតិរបស់កម្ពុជា។

សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា «ខ្ញុំសូមគាំទ្រចំពោះវិធានការនានា ដែលអគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញ ដើម្បីបង្កើនប្រសិទ្ធភាពនិងតម្លាភាព នៃការប្រមូលចំណូល ពង្រឹងគុណភាពសេវាអ្នកជាប់ពន្ធ និងបន្តធ្វើទំនើបកម្មរដ្ឋបាល សារពើពន្ធឱ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់»៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង