សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅស្រុកឯកភ្នំ
ខេត្តបាត់ដំបង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២–
នៅរសៀលថ្ងៃ១០រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និង ចែកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ងាយរងគ្រោះ ចាស់ជរា ជនពិការ និង ស្រ្តីមេម៉ាយមានកូនច្រើន ចំនួន ១៨៩គ្រួសារ មកពីឃុំកោះជីវាំង និង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ មកទទួលអំណោយទាំងអស់ ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។ អំណោយទាំងអស់នេះ គឺបានមកពីការចូលរួមរបស់សប្បុរសជន ជាពិសេសសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោជំទាវ ដែលសម្តេច និងលោកជំទាវ តែងតែយកចិត្តទុកដាក់ពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ។
ក្មុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តជំរុញឱ្យប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងដូសទី២រួចហើយ សូមរួសរាន់ទៅចាក់វ៉ាក់សាំងដូសទី៣បន្តទៀត ។ ព្រោះថាដើម្បីកាត់បន្ថយការឆ្លង និងហានិភ័យនៃការស្លាប់ដោយមេរោគកូវីដ-១៩ ខណៈមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង បាននិងកំពុងផ្ទុះឆ្លងបន្តមកតាមបណ្តាខេត្ត បើមិនមានការចូលរួមអនុវត្តតាមវិធានការសុវត្ថិភាព របស់ក្រសួងសុខាភិបាល និងគោលការណ៍ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវនោះទេវានឹងឆ្លងរៀលដាលពេញសហគមន៍យើង ៕សម្រួលដោយ ទៀង បុណ្ណរី