អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃបានបើកកិច្ចប្រជុំត្រួតពិនិត្យការងាររបស់នាយកដ្ឋានចំនួន៣ ចំណុះអគ្គាធិការដ្ឋាន

នៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់នាយកដ្ឋានចំនួន៣ នាយកដ្ឋានរដ្ឋបាល សរុប -នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល-នាយកដ្ឋានទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល ដោយមានការចូលរួមពី អគ្គាធិការរងទទួលបន្ទុកនាយកដ្ឋាន ប្រធាននាយកដ្ឋាន និងនាយ-ប្រធានការិយាល័យចំណុះនាយកដ្ឋានទាំង៣។
ឯកឧត្តម អគ្គាធិការ បានកោតសរសើរចំពោះឯកឧត្តម អគ្គាធិការរងទទួលបន្ទុក ប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ក្នុងដំណាក់កូវីដ-១៩ ដែលធានាបាននិរន្តរភាពការងារ។ទន្ទឹមនឹងនេះ តាមនាយកដ្ឋាន ការិយាល័យ ត្រូវពិនិត្យការអនុវត្តការងារតាមផែនការសកម្មភាពរបស់ខ្លួន និងអគ្គាធិការដ្ឋាន ចំពោះចរន្តឯកសារត្រូវពន្លឿននិងគ្រប់គ្រងឱ្យបានច្បាស់លាស់ ករណីយឺតយ៉ាវ សូមរាយការណ៍ ហើយត្រូវកំណត់របបប្រជុំឱ្យបានទៀងទាត់។ ការប្រជុំសម្រាប់អង្គភាពជារឿងសំខាន់ចាំបាច់ ដែលផ្តល់ឱកាសចូលរួមផ្តល់យោបល់ ជួបជុំគ្នា សាមគ្គីភាព សហការ និងសម្រេចចិត្តរួមជាមួយគ្នាក្នុងការទទួលខុសត្រូវរួមចំពោះផលប្រយោជន៍អង្គភាព។
ឆ្លៀតឱកាសនោះ ឯកឧត្តម អគ្គាធិការ បានណែនាំឱ្យតាមដានស្តាប់អនុសាសន៍របស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ និងសម្តេចក្រឡាហោម ដើម្បីយកមកអនុវត្ត។ក្នុងនាមជាមន្ត្រីអធិការកិច្ច ត្រូវអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនទាមទារនូវសមត្ថភាព ចាំបាច់ត្រូវស្រាវជ្រាវ សិក្សាលិខិតបទដ្ឋាននានា ដើម្បីបង្កើនចំណេះដឹង និងតាមដានព័ត៌មានឱ្យទាន់សភាពការណ៍ ព្រោះជាអង្គភាពត្រួតពិនិត្យការអនុវត្តតួនាទីនិងភារកិច្ចរបស់អង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ជាងនេះត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ហើយរាល់ការធ្វើរបាយការណ៍ពីលទ្ធផលអង្កេត ត្រូវរាយការណ៍តាមការពិតជាក់ស្តែងដែលរកឃើញ ដោយឈរលើគោលការណ៍ច្បាប់ជាមូលដ្ឋាន ចៀសវាងដោយការស្រលាញ់ឬស្អប់ និងផលប្រយោជន៍ណាមួយ ជាពិសេសជាមន្ត្រីអធិការកិច្ច ត្រូវហ៊ានប្រឈមមុខនឹងមន្ត្រីខិលខូច កុំមានភាពខ្លាច ដោយឈរលើគោលការណ៍ច្បាប់។
ឯកឧត្តម អគ្គាធិការបានបញ្ជាក់បន្ថែមទៀតថា ការតែងតាំង ឬលើកទឹកចិត្តដល់មន្ត្រី ប្រគល់ជូនប្រធានការិយាល័យ ប្រធាននាយកដ្ឋានផ្ទាល់ជាអ្នកពិនិត្យ វាយតម្លៃនិងទទួលខុសត្រូវដោយខ្លួនឯង ដោយសហការជាមួយឯកឧត្តមអគ្គាធិការរងទទួលបន្ទុក បន្ទាប់មករៀបចំលើកសំណើមក តែសូមឱ្យការលើកទឹកចិត្តចំពោះតែមន្ត្រីសកម្ម មានសមត្ថភាព។ដោយឡែកការប្រគល់ភារកិច្ចដល់មន្ត្រីឱ្យត្រូវតាមវិស័យរបស់គាត់។ ចំពោះការបណ្តុះបណ្តាលមន្ត្រីត្រូវធ្វើតាមរបៀបអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះ នាយកដ្ឋានត្រូវរៀបចំព្រាងនូវវគ្គបណ្តុះបណ្តាលដល់មន្ត្រី និងបញ្ជាក់ពីកម្រិតចំណេះដឹងមន្ត្រីរបស់ខ្លួន មកអគ្គាធិការដ្ឋានដើម្បីជាមូលដ្ឋានក្នុងការពិនិត្យនិងរៀបចំ៕
សម្រួលដោយ ទៀង បុណ្ណរី
  
អត្ថបទដែលជាប់ទាក់ទង