រុស្ស៊ីកំពុងតែគំរាមកំហែងថាហ្នឹងប្រើអាវុធគីមីឬអាវុធជីវសាស្ត្រទៅលើប្រទេសអ៊ុយក្រែន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានលើកឡើងថា អាមេរិកមានមន្ទីរពិសោធន៍ផលិតអាវុធគីមី និងអាវុធជីវសាស្ត្រ នៅក្នុងទឹកដីប្រទេសអ៊ុយក្រែន។ នេះជាការចោទរបស់រុស្ស៊ី ដែលលោកចូ បៃដិន អះអាងថាជាពាក្យកុហក ប្រឌិតមិនសមហេតុផល ដែលនរណាក៏ស្គាល់ជំនាញនេះរបស់រុស្ស៊ីដែរ។ លោកចូ បៃដិន បានអះអាងកាលពីថ្ងៃចន្ទ ទី២១មីនាថា នេះគឺជាសញ្ញាច្បាស់ណាស់ ដែលបញ្ជាក់ថា រុស្ស៊ីអាចនឹងប្រើអាវុធគីមី និងអាវុធជីវសាស្ត្រ មកលើអ៊ុយក្រែន។
ផ្អែកតាមការពន្យល់របស់ លោក Dimitri Minic អ្នកស្រាវជ្រាវជំនាញរុស្ស៊ី ប្រចាំនៅវិទ្យាស្ថានបារាំង ដើម្បីការសិក្សាអន្តរជាតិ (IFRI) ការចោទថាអាមេរិកមានកន្លែងផលិតអាវុធគីមី នៅអ៊ុយក្រែននេះ គឺរុស្ស៊ីធ្លាប់បានលើកឡើងយូរមកហើយ។ ដូច្នេះវាអាចជាការបារម្ភពិតរបស់រុស្ស៊ី តែក៏វាអាចជាលេសមួយ ដើម្បីអនុញ្ញាតឲ្យរុស្ស៊ី អាចប្រើប្រាស់អាវុធប្រភេទនេះ ទៅលើអ៊ុយក្រែនដែរ។
អ្វីដែលយើងកំពុងចោទសួរ គឺ រវាងសំដីលើកឡើង ដែលអាចគ្រាន់តែជាលេសរបស់រុស្ស៊ី ដើម្បីផ្តល់ហេតុផលឲ្យខ្លួន អាចប្រើប្រាស់អាវុធគីមី និងថាតើ វាអាចជាការភ័យបារម្ភពិតប្រាកដមែន របស់ភាគីរុស្ស៊ី ឬយ៉ាងណា។ តាមពិត រុស្ស៊ីធ្លាប់បានលើកឡើង កាលពីឆ្នាំ២០០៨រួចម្តងហើយ កាលពីក្នុងវិបត្តិនៅហ្សកហ្ស៊ី ថាមានមន្ទីរពិសោធន៍ផលិតអាវុធគីមី អាវុធជីវសាស្ត្រ នៅអ៊ុយក្រែន។
អ្វីដែលយើងសង្កេតឃើញនៅពេលនេះ គឺថាភាគីរុស្ស៊ីដូចជាកាន់តែភ័យខ្លាំងមែន ប្រសិនបើយើងអានប្រភពជំនាញមួយចំនួន ពីថ្នាក់ដឹកនាំនយោបាយ និងកងទ័ពរុស្ស៊ី។ វាអាចមានន័យថា ភាគីរុស្ស៊ីមានការបារម្ភ នឹងបញ្ហានេះ យូរយារមកហើយ។
ដូច្នេះ ហេតុផលគឺវាអាចលាយឡំគ្នា បើយើងសន្និដ្ឋានមក។ ពោលគឺ ពេលនេះ រុស្ស៊ីកំពុងដើរដល់ដំណាក់កាលមួយ ឈានយកបញ្ហានេះ ដើម្បីធ្វើជាលេស ផ្តល់ហេតុផលឲ្យខ្លួន អាចប្រើប្រាស់អាវុធប្រភេទនេះ ទៅថ្ងៃខាងមុខនៅអ៊ុយក្រែន។ ជាងនេះទៀត ពេលនេះរុស្ស៊ីកំពុងតែប្តូរយុទ្ធសាស្ត្រវាយប្រយុទ្ធនៅអ៊ុយក្រែន តាមរយៈការឡោមព័ទ្ធទីក្រុង និងរៀបចំក្រឡាយុទ្ធសាស្ត្រឡើងវិញ។ ដូច្នេះ ក្នុងយុទ្ធសាស្ត្រប្រយុទ្ធបែបឡោមព័ទ្ធបែបនេះ គឺការប្រើអាវុធគីមី អាចមានផលប្រយោជន៍ច្រើន ព្រោះវាអាចបន្ថែមល្បឿនធ្វើឲ្យប្រជាជនអ៊ុយក្រែន ដែលត្រូវរុស្ស៊ីឡោមព័ទ្ធកាន់តែលំបាក វេទនាខ្លាំង ដកដង្ហើមលែងរួច ហើយចុះចាញ់។”សម្រួលដោយ ទៀង បុណ្ណរី