ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia) លើកទី៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម និងតាមរយៈប្រព័ន្ធវីដេអូ
រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការតម្រង់ទិសរបស់គម្រោង តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia) ជាលើកទី៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម និងតាមរយៈប្រព័ន្ធវីដេអូ (Zoom) ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងវានុវត្តន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហភាព អឺរ៉ុបប្រចាំនៅកម្ពុជា ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ប្រធានអង្គការ GIZ Cambodia និងនាយកគម្រោង ARISE Plus Cambodia។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ថ្លែងថាកិច្ចប្រជុំគណៈកម្មការតម្រង់ទិសនេះ មានគោលបំណងដើម្បីតាមដានពីវឌ្ឍនភាពការងារសំខាន់ៗដែលសម្រេចបាននៃគម្រោងក្រោមសសរស្តម្ភចំនួនបី រួមមាន៖ ការធ្វើឱ្យប្រសើឡើងនូវស្តង់ដារពន្ធនិងកិច្ចសម្រួលពាណិជ្ជកម្ម ការពង្រឹងសមត្ថភាពស្ថាប័ននិងការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តបញ្ញត្តិ និងការធានានូវការចូលរួមពីវិស័យឯកជនក្នុងសកម្មភាពសេដ្ឋកិច្ច ពិសេសសហគ្រាសធុនតូចនិងមធ្យមក្នុងការនាំចេញ ក៏ដូចជាការត្រៀមខ្លួនសម្រាប់ការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថាកិច្ចប្រជុំនេះ ក៏បានពិនិត្យ និងមានការអនុម័តពីអង្គការ GIZ លើសំណើគម្រោងមួយ ដែលមានឈ្មោះថា “កំណែទម្រង់ស្ថាប័ននៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម ព្រមទាំងការអភិវឌ្ឍន៍មជ្ឈមណ្ឌលចំណេះដឹងសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងលេខាធិការដ្ឋានចរចាពាណិជ្ជកម្មជាតិ” ផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់នូវក្របខ័ណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពពីឆ្នាំ២០២១-២០២៣ ដែលនឹងជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។
ជាមួយគ្នានេះ អង្គប្រជុំទាំងមូល បានថ្លែងកោតសរសើរដល់ការរៀបចំវគ្គបណ្តុះបណ្តាលដល់មន្រី្តអ្នកចរចាពាណិជ្ជកម្មសេរីចំនួន០៦លើកប្រកបដោយជោគជ័យ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់នូវសៀវភៅមគ្គុទេសក៍ស្តីពីការចរចាពាណិជ្ជកម្មសម្រាប់កម្ពុជាផងដែរ។ លើសពីនេះ អង្គប្រជុំបានពិភាក្សា និងផ្តល់សារៈសំខាន់ដល់សំណើគម្រោងថ្មី ដែលជាការងារអាទិភាពសម្រាប់ក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្រោយពីការធ្វើបទបង្ហាញរបស់ក្រុមការងារ ARISE Plus Cambodia ពីវឌ្ឍនភាពការងារ និងសំណើគម្រោងថ្មីនេះ កិច្ចប្រជុំបានទទួលមតិយោបល់ល្អៗពីតំណាងក្រសួងស្ថាប័នដែលបានចូលរួម និងបានអនុម័ត លើ គម្រោងស្រាវជ្រាវទាំងពីរខាងលើ ដើម្បីអនុវត្តន៍រហូតដល់ខែសីហា ឆ្នាំ២០២៣។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីសមិទ្ធិផលសំខាន់ៗរបស់គម្រោង ARISE Plus Cambodia និងលើកពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើសហប្រតិបត្តិការជាមួយជាមួយដៃគូអភិវឌ្ឍន៍ និងបានស្នើសុំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តចូលរួមក្នុងការសហការអនុវត្តគម្រោងបន្តទៀត ដើម្បីទទួលបានជោគជ័យថ្មីបន្ថែមទៀត៕សម្រួលដោយ ទៀង បុណ្ណរី